(ស្វាយរៀង)៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត បានបំផុសដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសនៅមូលដ្ឋាននេះ ត្រូវចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា។ លោកចាត់ទុកថា សន្តិភាពនេះហើយ បានធ្វើឱ្យមានភាពរីកចំរើនផ្នែកសេដ្ឋកិច្ច សាសនា និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ បានធ្វើឡើងខណៈដែល លោក និងភរិយា រួមទាំងក្រុមការងារមួយចំនួនទៀត ចូលរួមក្នុងពិធីកាត់ឫស្សសីមា នៅវត្តមហានីគ្រោតការាម ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីនេះ ក៏មានការចូលរួមពីពុទ្ធបរិស័ទ សិស្សានុសិស្សប្រមាណ ៥០០នាក់។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានអះអាងថា សន្តិភាពនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋ មានសេចក្តីសុខសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋ មានសិទ្ធធ្វើបុណ្យទាន។
លោកបានបញ្ជាក់ថា «សមិទ្ធផលទាំងអស់កើតឡើង បានសារតែប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំដោះប្រទេសជាតិរំដោះប្រជាពលរដ្ឋ និងរំដោះ ព្រះពុទ្ធសាសនានិងសាសនាដ៏ទៃទៀតរស់ឡើងវិញ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនប្រកាន់ពូជសាស្ត្រ សាសនាដ៏ទៃនោះទេ ប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យគ្រប់គ្នា»។
សូមបញ្ជាក់ថា នាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើការកោតសរសើរដល់សប្បុរសជននានា ក្នុងស្រុកក្រៅស្រុក ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីលើស្ទួយវិស័យពុទ្ធចក្រ ឱ្យមានការរីកចំរើនទុកសម្រើនព្រះសង្ឃពុទ្ធបរិស័ទ បានធ្វើបុណ្យក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោក ម៉ឹង សំផន ក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់សប្បុរសជន និងបានចែកអំណោយ ដល់យាយជីតាជីប្រមាណ ១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ ថវិកា១ម៉ឺនរៀល ផងដែរ៕