(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជើញបើកវេទិកាសាធារណៈស្តីពី «ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន» សំដៅគាំទ្រការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។
វេទិកាដែលធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ មានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋមកពីភូមិនានាក្នុងឃុំបារាយណ៍ប្រមាណ ២០០នាក់ និងបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ លើកជាសំណួរ បញ្ហាប្រឈម ឬសំណូមពរផ្សេងៗ ជុំវិញការអនុវត្តកម្មវិធីនយោបាយរបស់ក្រុមប្រឹក្សាឃុំ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានបកស្រាយ និងផ្តល់ដំណោះស្រាយសមរម្យ ចំពោះកង្វល់មួយចំនួន ដែលលើកឡើងដោយប្រជាពលរដ្ឋដូចខាងក្រោម៖
១. បញ្ហាខ្វះអគ្គិសនី៖ លោករដ្ឋមន្ត្រី នឹងប្រឹក្សាជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា អាជ្ញាធរខេត្តកំពង់ចាម និងអាជ្ញាធរស្រុកព្រៃឈរ ដើម្បីស្វែងរកអ្នកវិនិយោគក្នុងស្រុក ឬ ក្រៅប្រទេស សំដៅតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។
២. បញ្ហាប័ណ្ណក្រីក្រគ្មានប្រសិទ្ធភាព៖ លោករដ្ឋមន្ត្រី នឹងធ្វើការពិភាក្សាជាមួយក្រសួងផែនការ ដែលទទួលបន្ទុកលើបញ្ហានេះ ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័ស។
៣. បញ្ហាលូស្ទះ និងកង្វះផ្លូវលំ៖ លោករដ្ឋមន្ត្រី នឹងចាត់ក្រុមការងារពង្រឹងឃុំ ដើម្បីចុះទៅពិនិត្យមើលទីតាំងនីមួយៗ និងដោះស្រាយជូនបងប្អូនប្រជាជនតាមជាក់ស្តែង។
៤. បញ្ហាខ្វះរបង និងស្លាកសាលារៀន៖ លោករដ្ឋមន្ត្រី នឹងចាត់ក្រុមការងារពង្រឹងឃុំ ដើម្បីជួសជុលស្លាកសាលាដែលខូចខាត ចំណែកឯរបងសាលា លោករដ្ឋមន្រ្តីនឹងលើកបញ្ហានេះទៅពិគ្រោះជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយក្នុងពេលឆាប់ៗ។
មុននឹងបញ្ចប់វេទិកាសាធារណៈ លោក ប៉ាន សូរស័ក្តិ ក៏បានប្តេជ្ញាប្រើប្រាស់វេទិកាសាធារណៈនេះបន្តទៀត ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗ និងបានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិ បន្តសហការជាមួយក្រុមប្រឹក្សាភូមិឃុំទូទាំងស្រុកព្រៃ ឈរ ដើម្បីពង្រឹងការអភិវឌ្ឍនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕