(កំពង់ចាម)៖ លោក ស្តើង សុខុម ស្ថាបនិក និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS បានអញ្ជើញវាគ្មិន និងអ្នកទទួលបានជោគជ័យក្នុងអាជីវកម្មអាជីវកម្មជាច្រើនរូប បើកសន្និសីទរួមគ្នាមួយក្រោមប្រធានបទ «ប្រសិទ្ធភាពនៃការគ្រប់គ្រង់អាជីវកម្ម» ក្នុងបំណងផ្តល់បំនិនជីវិតបន្ថែមដល់និស្សិត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។
ក្នុងសន្និសីទដែលធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វាគ្មិន និងអ្នកជោគជ័យក្នុងការធ្វើអាជីវកម្ម បានឡើងលាតត្រដាងនូវបទពិសោធន៍ល្អៗរៀងៗខ្លួនចែកជូនដល់និស្សិត។
លោកបណ្ឌិត សឿ យ៉ាន បានថ្លែងថា ការចាប់ផ្ដើមអាជីវកម្មដ៏ជោគជ័យមួយទៅបាន តម្រូវឲ្យមានត្រឹមការតស៊ូខិតខំប្រឹងប្រែងតែម្យ៉ាង មិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវទាមទារឲ្យមានរៀបចំគោលបំណង និងគោលដៅអាជីវកម្មបានច្បាស់លាល់។
«ដើម្បីធ្វើកិច្ចការនេះបានជោគជ័យបុគ្គលិកទាំងអស់ត្រូវខិតខំអនុវត្តទៅលើតួនាទី និងភារកិច្ចរៀងៗខ្លួន ព្រមទាំងសិក្សាពីគម្រោងអាជីវកម្មជាមុនសិន ព្រោះគម្រោងផែនការអាជីវកម្ម ជាដំណើរអាយុជីវិតរបស់ក្រុមហ៊ុន។ ប្រសិនបើក្រុមហ៊ុនពង្រីកកាន់តែធំ នោះការគ្រប់គ្រងទទួលខុសត្រូវកាន់តែមានកម្រិតខ្ពស់ ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅដែលបានកំណត់ក្នុងផែនការអាជីវកម្ម»។ លោកបណ្ឌិត បានបញ្ជាក់បន្ថែម។
ដោយឡែកលោកបណ្ឌិត កែវ ជា បានគូសបញ្ជាក់ថា ការប្រើប្រាស់ធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពខ្ពស់ ការដឹកនាំគ្រប់គ្រងអំពីការបង្កើតគម្រាងផែនការអាជីវកម្មប្រចំាឆ្នាំ។ ការបង្កើតផែនការក្នុងគោលដៅ ដើម្បីស្វែងរកប្រភពចំណូល និងបែងចែកចំណាយឲ្យបានច្បាស់លាស់ផ្អែកទៅលើមុខងារគ្រប់គ្រងផ្ទៃក្នុង និងផ្ទៃក្រៅ ដែលបានកំណត់ក្នុងរចនាសម្ព័ន្ធរបស់ស្ថាប័ន។ សរុបសេចកី្តមកផែនការគ្រប់គ្រងអាជីវកម្មមានគោលបំណងសែ្វងរកប្រភពបង្កើនចំណូល និងបង្កើនប្រាក់ចំណេញ បង្កើនមូលធនវិនិយោគ និងបង្កើនជីវភាពរស់នៅរបស់និយោជិកឲ្យកាន់តែល្អប្រសើរថែមទៀត។
បណ្ឌិត មាស បូរ៉ា បានគូសបញ្ជាក់ថា អាជីវកម្មមួយទទួលបានជោគជ័យទៅបាន គឺវាអាស្រ័យទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ស្ថាប័ននីមួយៗ ដែលមានផ្នែកស្រាវជ្រាវ ឬមិនទាន់មានគួរតែបង្កើត និងពង្រឹងឡើងដោយមានមន្រ្តីជំនាញជាក់លាក់ មានបទពិសោធន៍ និងមានចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវ។
លោកបន្តថា អ្នកស្រាវជ្រាវ នឹងពិនិត្យមើលស្វែងយល់ ស្ថានភាពអាជីវកម្មរបស់ស្ថាប័នចាប់ពីអតីតភាព បច្ចុប្បន្នភាព អនាគតកាល មកវិភាគ និងព្យាករណ៍សំដៅធ្វើយ៉ាងណារកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងកាលានុវត្តភាព ជួយដល់ថ្នាក់ដឹកនាំនូវទស្សនវិស័យក្នុងការរៀបចំយុទ្ធសាស្រ្ត និងផែនការដើម្បីអភិវឌ្ឍន៍អាជីវកម្ម។ គំហើញនៃការស្រាវជ្រាវ នឹងអាចក្លាយទៅជាធាតុផ្សំសំខាន់នៃយុទ្ធសាស្រ្តប្រកួតប្រជែងរបស់ស្ថាប័ននីមួយៗ។
សម្រាប់លោកសាកលវិទ្យាធិការ ស្តើង សុខុម វិញ បានមើលឃើញថា ដើម្បីឲ្យអាជីវកម្មមួយកើតចេញជារូបរាងឡើង ដំបូងបំផុតត្រូវមានគំនិតជាមុនសិនថា តើយើងចង់បានអ្វី ចង់ធ្វើអ្វី មានចក្ខុវិស័យ ទស្សនវិស័យបែបណាចំពោះកិច្ចការនោះ បន្ទាប់មកត្រូវធ្វើការសិក្សា ស្រាវជ្រាវទីផ្សារដើម្បីរកលទ្ធភាព ចន្លោះប្រហោងដែលអាចធ្វើទៅបាន និងទទួលបានជោគជ័យ។
«ការសិក្សារស្រាវជ្រាវនេះនឹងជួយឲ្យយើងកំណត់បានគោលដៅជាក់លាក់ យុទ្ធសាស្ត្រ និងយុទ្ធវិធីដែលត្រូវអនុវត្តដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណង ឬសុបិន្តដើមរបស់យើងម្នាក់ៗ ឧទាហរណ៍ជោគជ័យដ៏មហិមារបស់លោកប៊ីលហ្គេតក្រោយពីបានរួមចំណែកធ្វើឲ្យសម្រេចនូវក្តីសុបិន្តដែលចង់ធ្វើឲ្យកុំព្យូទ័រកាន់តែតូច កាន់តែមានសម្ថភាពខ្ពស់ និងកាន់តែមានកម្មវិធីមានប្រសិទ្ធិភាពក្នុងដំណោះស្រាយការងារ ដែលមនុស្សមានលទ្ធភាពប្រើប្រាស់កាន់តែច្រើន ងាយយកតាមខ្លួន និងនិយមប្រើប្រាស់ដោយសារអត្ថប្រយោជន៏របស់វាជាដើម»។ លោកបណ្ឌិត ស្តើង សុខុម បន្ថែម។
លោកបណ្ឌិត ស្តើង សុខុម ក៏បានរំលេចពីប្រវត្តិជោគជ័យរបស់អ្នកជំនួញធំៗលើពិភពលោកមួយចំនួនផងដែរ។ លោកបណ្ឌិត បានលើកឡើងថា ជោគជ័យធំ របស់លោក ស្ទីវចប ស្ថាបនិកក្រុមហ៊ុន Apple គឺបានពីការធ្វើឲ្យសម្រេចនូវក្តីសុបិនដែលធ្វើឲ្យទូរស័ព្ទកាន់តែមានមុខងារច្រើនឡើងនោះគឺស្មាតហ្វូន។ រីឯជោគជ័យរបស់លោក ចេកម៉ា វិញ គឺការធ្វើឲ្យទំនិញរបស់ចិន អាចលក់ទៅកាន់ពិភពលោកតាមអិនធឺណិត ឬ Online Sale។
ដោយឡែកលោក ម៉ាក សាគឺប៊ឺក ម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook ដែលជាបុរសវ័យក្មេងម្នាក់ កំពុងទទួលបានជោគជ័យ ខ្លាំងតាមរយៈការធ្វើឲ្យសម្រេចនូវក្តីស្រម៉ៃក្នុងការសរសេរ និងអភិវឌ្ឍកម្មវិធីដែលម្នាក់ៗអាចតភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានទាំងរូបភាព សំឡេង អក្សរជាដើមប្រកបដោយភាពរស់រវើកមិនថានៅទីណា ពេលណា ឲ្យតែមានស្មាតហ្វូន និងអិនធឺណិត។
លោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យ CUS បានធ្វើការសន្និដ្ឋានជារួមមកថា ការធ្វើផែនការអាជីវកម្ម Business Plan ការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ ផែនការតាមវិស័យ គឺជាការកំណត់នូវអាយុជីវិតដ៏សំខាន់មួយសម្រាប់ការធ្វើ អាជីវកម្ម។
បើតាមលោក ស្តើង សុខុម ដើម្បីឲ្យអាជីវកម្មមួយជោគជ័យទៅបាន ក៏ត្រូវពឹងផ្អែកលើធនធានគ្រប់ផ្នែកទាំងផ្នែកបច្ចេកទេស ផលិតកម្ម ផ្នែករដ្ឋបាល ផ្នែកហិរញ្ញិវត្ថុ ផ្នែកទីផ្សារ ឬផ្សព្វផ្សាយ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម ដែលផ្នែកនិមួយៗ បុគ្គលិកម្នាក់ៗត្រូវខិតខំអនុវត្ត តួនាទីភារកិច្ច ផែនការសកម្មភាពរាងៗខ្លួន ដើម្បីធ្វើឲ្យសម្រេចគោលដៅរួម ដែលបានកំណត់ក្នុងផែនការអាជីវកម្ម។
លោកបណ្ឌិត ស្តើង សុខុម បានគូសបញ្ជាក់ជាចុងក្រោយថា ភាពជោគជ័យលើអាជីវកម្មកាន់តែខ្ពស់ដរាបណាបណ្តាតួអង្គ សមាសភាពពាក់ពាន់ចូលរួមប្រត្តិបត្តិការងារកាន់តែរលូន កាន់តែស៊ីសង្វាក់គ្នាប្រកបដោយភាពអំណត់ព្យាយាម រីឯសំភារៈមធ្យោបាយ ត្រូវបានចាត់ ចែង គ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលជាសាកលវិទ្យាល័យឈានមុខលើការបណ្តុះបណ្តាលមួយនៅកម្ពុជា តែងតែ បើកវេទិកាកៀរគរអ្នកជំនាញផ្សេងៗ ទៅធ្វើបទបង្ហាញលើជំនាញ និងបទពិសោធន៍ក្នុងការងាររបស់ពួកគេ ដើម្បីផ្តល់បំនិនជីវិត និងចំំណេះដឹងដល់និស្សិតបន្ថែមពីលើអ្វីដែលពួកគេបានសិក្សា៕