(ភ្នំពេញ)៖ ដោយមើលឃើញពីកង្វះខាតសម្ភារៈហ្វឹកហាត់របស់ខេមរៈសហព័ន្ធយូដូកម្ពុជា នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ សហព័ន្ធកីឡាយូដូជប៉ុន បានឧបត្ថម្ភកម្រាលហាត់យូដូចំនួន ១៥១ផ្ទាំង តាមរយៈលោក ហូរីណូអ៊ូឈិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្រគល់ដល់លោក ឡាច វុទ្ធី ប្រធានខេមរៈសហព័ន្ធយូដូកម្ពុជា ដើម្បីរួមចំណែកការអភិវឌ្ឍន៍កីឡាអូឡាំពិកមួយនេះឲ្យរីកចម្រើនដូចបណ្ដាប្រទេសផ្សេងៗ។
ពិធីប្រគល់កម្រាលយូដូតម្លៃខ្ទង់ម៉ឺនដុល្លារនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីសំណាក់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ លោករដ្ឋមន្ដ្រី បានលើកឡើងថា ការផ្ដល់ជំនួយសប្បុរសនេះ មិនត្រឹមតែរួមចំណែកក្នុងការអភិវឌ្ឍកីឡាយូដូកម្ពុជាឲ្យរីកចម្រើននោះទេ ថែមទាំងបង្ហាញពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ ក៏ដូចជាប្រជាជនកម្ពុជា និងជប៉ុនផងដែរ។
លោក ហូរីណូអ៊ូឈិ ហ៊ីដេហ៊ីសា បានថ្លែងថា ជប៉ុនកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្ដៅនាឆ្នាំ២០២០ ហើយពិតណាស់ គឺប្រទេសប៉ុនចង់ឲ្យអត្តពលិកក្នុងតំបន់អាស៊ី ឬអាស៊ានចូលរួមឲ្យបានច្រើន ក្នុងនោះក៏មានកម្ពុជាផងដែរ។ ហេតុនេះហើយទើបជប៉ុន មានយុទ្ធសាស្ដ្រជំរុញការអភិវឌ្ឍន៍វិស័យកីឡាផ្សេងៗ ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកអ្នកមានសមត្ថភាពទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្ដងនេះ ។
ទន្ទឹមជាមួយគ្នានឹងការឧបត្ថម្ភកម្រាលហាត់យូដូខាងលើ លោកឯកអគ្គរដ្ឋទូត រំពឹងថា កីឡាយូដូកម្ពុជានឹងឈប់បារម្ភបញ្ហាខ្វះខាតសម្ភារៈហ្វឹកហាត់ ហើយខិតខំប្រឹងប្រែងហ្វឹហាត់ និងបណ្ដុះបណ្ដាល ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីប្រចាំប្រទេសបញ្ជូនទៅចូលរួមកីឡាអូឡាំពិកឆ្នាំ២០២០។ អ្វីដែលសំខាន់ គឺការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសកម្ពុជាតែម្ដង។
ដោយឡែកលោក ឡាច វុទ្ធី បានសម្ដែងនូវក្ដីរំភើបរីករាយ ដែលសហព័ន្ធកីឡាយូដូជប៉ុន បានឧបត្ថម្ភកម្រាលហ្វឹកហាត់ដល់សហព័ន្ធរបស់ខ្លួន ដែលកំពុងជួបការខ្វះខាត់ក្នុងការហ្វឹកហាត់។
លោកថា បច្ចុប្បន្នសហព័ន្ធមានក្លឹបជាសមាជិកចំនួន៧ ក្នុងនោះមាន ២ក្លឹបប៉ុណ្ណោះ ដែលមានសម្ភារៈហ្វឹកហាត់ត្រឹមត្រូវ រីឯ ៥ក្លឹបទៀត គឺខ្វះខាតកម្រាលហាត់។ តែក្រោយទទួលបានជំនួយ លោកថា ក្លឹបទាំងនោះនឹងមានកម្រាលហាត់គ្រប់គ្រាន់ ហើយសហព័ន្ធនឹងខំពង្រឹងខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺការខំប្រឹងឆ្ពោះទៅកីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនតែម្ដង៕