(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ បានរៀបចំ ពិធីកម្មវិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ ក្រុមការងារយុវជន CPP ប្រចាំទីក្រុង Adelaide ប្រទេសអូស្ត្រាលី ក៏បានរៀបចំពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដល់សមាជិការ របស់ខ្លួន នៅទីក្រុង Adelaide ផងដែរ។

ពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និង លោក ស៊ូនី វង្សវិសិដ្ឋ អនុប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។

ដោយឡែក ពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដល់សមាជិការគណបក្សប្រជាជនកម្ពុជានៅទីក្រុង Adelaide ត្រូវបានធ្វើឡើងក្រោមអធិបតីយភាព លោក ណុប រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ លោក កុយ កួង ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ​ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំងពីរ ជូនដល់សមាជិក សមាជិការ គណបក្សប្រជាជនទាំងអស់ប្រចាំនៅទីក្រុង Brisbane។ លោក កុយ គួង ថែមទាំងបាន បានផ្តល់នូវព័ត៌មានស្តីពី ស្ថានភាពជាក់ស្តែង នៃសង្គមកម្ពុជាបច្ចុប្បន្ន ជូនដល់ពួកគេឱ្យបានជ្រាបផងដែរ៕