(កំពង់ចាម)៖ លោក បណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការ CUS បានថ្លែងទៅកាន់និស្សិតសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តកំពង់ចាម ប្រមាណ២៥០នាក់ថា អាជីវកម្ម រីកលូតលាស់កាន់តែច្រើន និងមានសុខភាពកាន់តែល្អ គឺជាក្តីប្រាថ្នានៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចំរើនថែមទៀត។
លោក បណ្ឌិត ស្តើង សុខុម បានថ្លែងបែបនេះ នៅក្នុងសន្និសីទស្តីពី ប្រសិទ្ធិភាពនៃការគ្រប់គ្រងអាជីវកម្ម ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តកំពង់ចាម។
លោក ហែម បញ្ញា នាយកសាខា CUS ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីច្រើនគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននិស្សិតកំពុងសិក្សាមានប្រមាណ ១៥០០០នាក់ និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាង ២៦០០០នាក់ អត្រាមានការងារធ្វើខ្ពស់ ជាងនេះទៅទៀតគុណភាព និងវិន័យក្នុងការបណ្តុះបណ្តាលត្រូវបានលើកកម្ពស់ជាប្រចាំ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត សឿ យ៉ាន បានថ្លែងថា ការចាប់ផ្ដើមអាជីវកម្ម ដ៏ជោគជ័យមួយទៅបានគឺតម្រូវ ឲ្យមានការតស៊ូ ខិតខំប្រឹងប្រែងតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺទាមទារឲ្យមានរៀបចំគោលបំណង និងគោលដៅអាជីវកម្មបានច្បាស់លាល់។ ដើម្បីធ្វើកិច្ចការនេះបានជោគជ័យបុគ្គលិកទាំងអស់ត្រូវខិតខំអនុវត្តទៅលើ តួនាទី និងភារកិច្ចរៀងៗខ្លួន ព្រមទាំងសិក្សាពីគម្រោងអាជីវកម្មជាមុនសិនព្រោះគម្រោងផែនការអាជីវកម្ម គឺជាដំណើរអាយុជីវិតរបស់ក្រុមហ៊ុន។ ប្រសិនបើក្រុមហ៊ុនពង្រីកកាន់តែធំនោះការគ្រប់គ្រង ទទួលខុសត្រូវកាន់តែមានកម្រិតខ្ពស់ ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅ ដែលបានកំណត់ក្នុងផែនការអាជីវកម្ម។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត កែវ ជា ក៏បានឲ្យដឹងដែរថា ការប្រើប្រាស់ធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពខ្ពស់ ការដឹកនាំគ្រប់គ្រងអំពីការបង្កើតគម្រាងផែនការអាជីវកម្មប្រចំាឆ្នាំ។ ការបង្កើតផែនការ ក្នុងគោលដៅដើម្បីស្វែងរកប្រភពចំណូល និងបែងចែកចំណាយឲ្យបានច្បាស់លាស់ផ្អែកទៅលើមុខងារគ្រប់គ្រងផ្ទៃក្នុង និងផ្ទៃក្រៅដែលបានកំណត់ក្នុងរចនាសម្ព័ន្ធរបស់ស្ថាប័ន។ សរុបសេចកី្តមកផែនការគ្រប់គ្រងអាជីវកម្មមានគោលបំណងសែ្វងរកប្រភពបង្កើនចំណូល និងបង្កើនប្រាក់ចំណេញ បង្កើនមូលធនវិនិយោគ និងបង្កើនជីវភាពរស់នៅ របស់និយោជិកឲ្យកាន់តែល្អប្រសើរថែមទៀត។
បណ្ឌិត មាស បូរ៉ា បានឲ្យដឹងដែរថា អាជីវកម្មមួយទទួលបានជោគជ័យទៅបាន គឺវាអាស្រ័យទៅលើការស្រាវជ្រាវ អភិវឌ្ឍន៍ ស្ថាប័ននីមួយៗ ដែលមានផ្នែកស្រាវជ្រាវ ឬមិនទាន់មាន គួរតែបង្កើត និងពង្រឹងឡើងដោយមានមន្រ្តីជំនាញជាក់លាក់ មានបទពិសោធន៍ និងមានចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវ។ អ្នកស្រាវជ្រាវ នឹងពិនិត្យមើលស្វែងយល់ ស្ថានភាពអាជីវកម្មរបស់ស្ថាប័នចាប់ពីអតីតភាព បច្ចុប្បន្នភាព អនាគតកាល មកវិភាគ និងព្យាករណ៍សំដៅធ្វើយ៉ាងណារកឲ្យឃើញ នូវចំណុចខ្លាំងចំណុចខ្សោយ និងកាលានុវត្តភាពជួយដល់ថ្នាក់ដឹកនាំ នូវទស្សនវិស័យក្នុងការរៀបចំយុទ្ធសាស្រ្ត និងផែនការដើម្បីអភិវឌ្ឍន៍អាជីវកម្ម។ គំហើញនៃការស្រាវជ្រាវនឹងអាចក្លាយទៅ ជាធាតុផ្សំសំខាន់នៃយុទ្ធសាស្រ្តប្រកួតប្រជែងរបស់ស្ថាប័ននីមួយៗ។
លោក បណ្ឌិត ស្តើង សុខុម បានរំលេចឡើងថា ដើម្បីឲ្យអាជីវកម្មមួយកើតចេញជារូបរាងឡើងដំបូងបំផុត ត្រូវមានគំនិតជាមុនសិនថា តើយើងចង់បានអ្វី ចង់ធ្វើអ្វី មានចក្ខុវិស័យ ទស្សនវិស័យបែបណាចំពោះកិច្ចការនោះ បន្ទាប់មកត្រូវធ្វើការសិក្សា ស្រាវជ្រាវទីផ្សារដើម្បីរកលទ្ធភាព ចន្លោះប្រហោងដែលអាចធ្វើទៅបាន និងទទួលបានជោគជ័យ។
ការសិក្សារស្រាវជ្រាវនេះនឹងជួយឲ្យយើងកំណត់បានគោលដៅជាក់លាក់ យុទ្ធសាស្ត្រ និងយុទ្ធវិធីដែលត្រូវអនុវត្ត ដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណង ឬសុបិន្តដើមរបស់យើងម្នាក់ៗ ឧទាហរណ៍ជោគជ័យដ៏មហិមា របស់លោកប៊ីលហ្គេត ក្រោយពីបានរួមចំណែកធ្វើឲ្យសម្រេចនូវក្តីសុបិន្តដែលចង់ធ្វើឲ្យកុំព្យូទ័រកាន់តែតូច កាន់តែមានសម្ថភាពខ្ពស់ និងកាន់តែមានកម្មវិធីមានប្រសិទ្ធិភាព ក្នុងដំណោះស្រាយការងារ ដែមនុស្សមានលទ្ធភាពប្រើប្រាស់កាន់តែច្រើន ងាយយកតាមខ្លួន និងនិយមប្រើប្រាស់ដោយសារអត្ថប្រយោជន៍ របស់វាជាដើម។
ចំណែកឯជោគជ័យធំ របស់លោកស្ទីវចប គឺបានពីការធ្វើឲ្យសម្រេចនូវក្តីសុបិនដែលធ្វើឲ្យទូរស័ព្ទ កាន់តែមានមុខងារច្រើនឡើងនោះគឺស្មាតហ្វូន បច្ចុប្បន្ន រីឯជោគជ័យរបស់លោក ចេក ម៉ា វិញនោះ គឺការធ្វើឲ្យទំនិញរបស់ចិន អាចលក់ទៅកាន់ពិភពលោក តាមអិនធឺណិត ឬ Online Sale។
ជាមួយនេះដែរ បុរសវ័យក្មេងម្នាក់កំពុងជោគជ័យយ៉ាងខ្លាំងតាមរយះ ការធ្វើឲ្យសម្រេចនូវក្តីស្រម៉ៃក្នុងការសរសេរ និងអភិវឌ្ឍកម្មវិធីដែលម្នាក់ៗ អាចតភ្ជាប់ទំនាក់ទំនង ជាមួយគ្នាបានតាមរយៈរូបភាព សំឡេង អក្សរជាដើមប្រកបដោយភាពរស់រវើក មិនថានៅទីណា ពេលណា ឲ្យតែមានស្មាតហ្វូន និងអិនធឺណិត នោះគឺម៉ាកសាគឺប៊ឺកម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook។
ការធ្វើផែនការអាជីវកម្ម Business Plan ការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ ផែនការតាមវិស័យ តាមផ្នែកឧទាហរណ៍ផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេសផលិតកម្ម ផ្នែករដ្ឋបាល ផ្នែកហិរញ្ញិវត្ថុ ផ្នែកទីផ្សារ ឬផ្សព្វផ្សាយ ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ជាដើម ដែលផ្នែកនិមួយៗ បុគ្គលិកម្នាក់ៗ ត្រូវខិតខំអនុវត្ត តួនាទី ភារកិច្ច ផែនការសកម្មភាពរាងៗខ្លួន សំដៅធ្វើឲ្យសម្រេចគោលដៅរួមដែលបានកំណត់ ក្នុងផែនការអាជីវកម្ម។ ភាពជោគជ័យកាន់តែខ្ពស់ដ៏រាបណាបណ្តា តួអង្គសមាសភាពពាក់ពាន់ចូលរួមប្រត្តិបត្តិការងារ កាន់តែរលូន កាន់តែស៊ីសង្វាក់គ្នាប្រកបដោយភាពអំណត់ព្យាយាម រីឯសំភារៈមធ្យោបាយ ត្រូវបានចាត់ចែង គ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់៕