Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនិកជន ទស្សនារឿង «ទឹកចិត្តម្តាយសម័យថ្មី» សម្រក់ទឹកភ្នែក ទាំងក្មេងទាំងចាស់ ខណៈយុវវ័យមកដល់ផ្ទះសុំទោសម្ដាយ

12-03-2017 12:00

(ភ្នំពេញ)៖ ទស្សនិកជន ទាំងក្មេងទាំងចាស់ ដែលបានចូលរួមទស្សនាភាពយន្ត ខ្នាតធំមានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ម្នាក់ៗបានសម្រក់ទឹកភ្នែក បន្ទាប់ពីទស្សនាចប់ ខណៈដែលសាច់រឿងនេះ ត្រូវសាច់រឿងផ្ទាល់របស់ខ្លួន ជាពិសេសយុវវ័យ ពេលមកដល់ផ្ទះវិញ បានសម្ដែងការដឹងគុណម្ដាយ​រហូតមានអ្នកខ្លះ ធ្វើការសុំទោសម្ដាយទៀតផង។

តួសម្ដែងដែលធ្វើឲ្យអ្នកទស្សនា ទប់ទឹកភ្នែកមិនជាប់អ្នកនាង ស្វែង សុជាតា បានលេចមុខជាថ្មី ជាមួយទស្សនិកជនក្នុងរោងកុន ធ្វើមានការភ្ញាក់ផ្អើល នាសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ។ ពេលនោះ យុវវ័យដែលបាននាំគ្នាទៅមើលរឿងនេះ នាំគ្នាយំនិងខ្លះសោកសៅចំណុចដួងចិត្តរបស់ពួកគេ ហើយម្នាក់ត្រឡប់ផ្ទះធ្វើជាកូនល្អ និង សុំទោសដដល់អ្នកមានគុណ របស់ពួកគេ។

ទស្សនិកជន បាននិយាយបណ្តើរយំបណ្តើរ និងបានបញ្ជាក់ថា ពេលទៅដល់ផ្ទះ នឹងធ្វើការសុំទោសម្តាយ និងខំកែខ្លួន យកចិត្តទុកស្រឡាញ់ម្តាយឲ្យបានច្រើនជាងមុន។ អ្នកទស្សនា ក៏សូមអំពាវនាវ ឲ្យយុវវ័យនិងក្មេង ដើរផ្លូវល្អ កុំសេពគ្រឿងញៀនឡើយ។

រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលរៀបរាប់ពីទឹកចិត្តម្តាយចិញ្ចឹម និងការពារកូននោះ ត្រូវបានទស្សនិកជននាំគ្នា ទៅមើលយ៉ាងកុះករ ហើយមានយុវវ័យខ្លះសម្តែងពិត ដោយយំនិងសោសៅយ៉ាងខ្លាំងនឹកដល់ម្តាយ ដោយសន្យាខំកែខ្លួននិងត្រឡប់ទៅវិញ ខំធ្វើជាកូនល្អនិងទៅជួបអ្នកម្តាយរបស់ពួកគេ ធ្វើការសុំទោសចំពោះកំហុសកន្លងមក។

ទស្សនិកជនម្នាក់ឈ្មោះ ចាន់ ស្រីដា មានមុខរបរ ជាអ្នកបម្រើការងារក្នុងសណ្ឋាគារមួយ បានប្រាប់ក្នុងរោងកុនអ៊ីអនថា នាងពេញចិត្តចំពោះរឿងនេះយ៉ាងខ្លាំងដោយសារតែ មានឈុតមួយដែលនិយាយ កូនអ្នកមានបំផ្លាញទ្រព្យសម្បត្តិម្តាយ និងមិនយល់ចិត្តម្តាយហើយចេះតែ ដើរលេងយប់រាល់ថ្ងៃ។ តួម្តាយទាំងបីរូបដែលនាងពេញចិត្ត គឺនាងពេញចិត្ត អ្នកនាង ស្វែង សុជាតា ដែលដើរតួរជាម្តាយកំសត់ និងក្រជាងគេ ហើយនៅតែស្រឡាញ់ការពារកូនបើទោះបីជាកូនៗ ធ្វើបាបមិនអាណិតម្តាយក្ដី។

សូមបញ្ជាក់ថា ខណៈដែលទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី ទាំងក្នុងរាជធានី នឹងទីរួមខេត្តសៀមរាប លោក ករុណា ពេជ្រ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានឲ្យដឹងថា គ្រប់រោងភាពយន្តទាំងអស់គឺ ពេញៗតែម្តង ជាពិសេសម៉ោងពេលយប់ ចំណែកម៉ោងធម្មតា នៅពេលថ្ងៃក៏មានអ្នកទស្សនា ប្រហាក់ប្រហែល៧០-៨០ ភាគរយដែល។
លោក បញ្ជាក់ថា ខាងរោងកុនបានផ្តល់ពត៌មានមកថា ៨រឿងដែលកំពុងតែដាក់បញ្ចាំ នៅរោងកុន គឺរឿង ទឹកចិត្តម្តាយ កំពុងតែនាំមុខដាច់គេតែម្តង។

រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលផលិតឡើងអស់ទឹកប្រាក់ខ្ទង់ កន្លះលានដុល្លារអាមេរិក និងជាភាពយន្តខ្នាតធំ កម្រិតអន្តរជាតិមួយនេះ កំពុងតែធ្វើឲ្យអ្នកទស្សនា ស្រក់ទឹកភ្នែកមិនដឹងខ្លួន។ អ្នកគាំទ្រភាពយន្តនេះ មួយរូប បានផ្តល់សម្ភាន៍ ដែលលាយឡំជាមួយនឹងទឹកភ្នែក ទោះបីជាសាច់រឿង បានបញ្ចប់ក្តៅៗ តែអារម្មណ៍ក្តុកក្តួល ដែលបង្កប់នៅក្នុងសាច់រឿង បានធ្វើឲ្យលោកស្រក់ទឹកភ្នែករហូតក្រៅរោងតែម្តង៕