Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស កំពុងពិនិត្យលើករណីវៀតណាម កាត់ទោសឱ្យ មន្រ្តីខ្មែរជាប់ពន្ធនាគារ ២៥ឆ្នាំ រឿងបាញ់សម្លាប់មនុស្ស

12-03-2017 11:59

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះករណីតុលាការវៀតណាម បានកាត់ទោសមន្រ្តីខ្មែរ​ម្នាក់ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធនឹង ករណីបាញ់សម្លាប់ជនជាតិវៀតណាម្នាក់ នៅក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលបានថ្លែងប្រាប់ Fresh News នៅថ្ងៃអាទិត្យនេះ។

លោក ឡាយ ប៊ុនធី អាយុ៥៣ឆ្នាំ ជានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ត្រូវបានតុលាការខេត្តអាងយ៉ាង ប្រទេសវៀតណាម កាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធនឹងករណីបាញ់បោះ នៅក្នុងហាងផឹកស៊ីមួយកន្លែង ក្នុងខេត្តនោះ បណ្តាលឱ្យពលរដ្ឋវៀតណាម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុករបស់វៀតណា​ម។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្រសួងការបរទេសកំពុងពិនិត្យមើលឯកសារផ្លូវច្បាប់នានា ពាក់ព័ន្ធនឹងករណីនេះ ដោយមិនទាន់ថា នឹងសម្រេចធ្វើបត្យាប័នឬយ៉ាងណានោះទេ។ លោកបានថ្លែងយ៉ាងដូច្នេះថា «យើងគ្រាន់តែដឹងថា រឿងនេះតុលាការវៀតណាម កាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ បច្ចុប្បន្ននេះ ខាងជំនាញផ្នែកច្បាប់ និងការកុងស៊ុល របស់ក្រសួងការបរទេស កំពុងធ្វើការអំពីករណីហ្នឹង ហើយថា តើសម្រេចធ្វើយ៉ាងម៉េច គឺនៅមិនទាន់មានការសម្រេចនៅឡើយទេ»

បើតាមការផ្សព្វផ្សាយរបស់គេហទំព័រ ក្នុងស្រុករបស់វៀតណាម បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យ មន្រ្តីច្រកព្រំដែនកម្ពុជា បាញ់សម្លាប់ពលរដ្ឋវៀតណាមនេះ កើតឡើង ចេញពីជម្លោះក្នុងវង់ផឹកស៊ីមួយ នៅក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាម។ ក្នុង​វង់ផឹកស៊ីនោះ លោក ឡាយ ប៊ុនធី បានចោទឈ្មោះ ផាន យាំងវ៉ាង ដែលជាជនជាតិវៀតណាម (រងរបួសធ្ងន់) ថាបានប្រើមនុស្សឱ្យទៅប្រើហិង្ហាលើរូបលោកកាលពីគ្រាមុន ហើយលោក ក៏បានទៅយកកាំភ្លើង បាញ់ទៅលើ ផាន យាំងវ៉ាង ឱ្យរងរបួស និងបានបាញ់ទៅលើមិត្តរបស់ ផាន យាំងវ៉ាងម្នាក់ទៀត បណ្តាលឱ្យស្លាប់តែម្តង៕