(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងអំពីរបាយការណ៍ពិតឡើយ។
លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍របាយការណ៍ប្រចាំឆ្នាំផ្ទាល់មាត់របស់មន្ត្រីការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ដែលបានរិះគន់ និងសម្តែងការព្រួយបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក ផៃ ស៊ីផាន បានចាត់ទុកថា ការលើកឡើងរបស់ការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្អែកលើរបស់ របាយការណ៍មិនត្រឹមត្រូវ ហើយមិនបានឆ្លុះបញ្ចាំងអំពីរបាយការណ៍ពិតនៅកម្ពុជា។
លោកថ្លែងថា ពលរដ្ឋខ្មែរជាង ៨០% មានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់នៅកម្ពុជា ដូចនេះការព្រួយបារម្ភរបស់ UN មិនបានឆ្លុះបង្ហាញពី របាយការណ៍ ពិតឡើយ គឺដើម្បី ការពារផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «ពលរដ្ឋខ្មែរ មានសិទ្ឋិដល់ទៅជាង ៨០% ហើយ នេះហើយគាត់មើលអត់ឃើញ គាត់មិនបានយកតួរលេខនេះ ទៅបញ្ជាក់ជាមួយរបាយការណ៍។ ប៉ុន្តែភ្លេចគិតថា ការលើកឡើងនឹងជះឥទ្ធិលអាក្រក់ទៅកាន់គាត់វិញ ។ ទី២ មន្រ្តីឃុំសង្កាត់ទាំងអស់ របស់ CNRP ព្រមទៅចុះឈ្មោះបោះឆ្នោត ខណៈដែលពួកគេតែងតែ និយាយអមពីការបារម្ភនោះ»។
នាថ្មីៗនេះ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងរបាយការណ៍ អ.ស.ប ដែលបានរិះគន់ដល់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនេះដែរ។ លោក ណី សំអុល បានចាត់ទុកថា បញ្ហាសិទ្ធិមនុស្សតែងតែក្លាយជាឧបករណ៍ សម្រាប់បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅពេលដែលមានការបោះឆ្នោតម្តងៗ ហើយលោកបានសង្កេតឃើញថា អង្គភាពខ្លះបានអនុវត្តស្តង់ដារពីរ និងវិធីសាស្រ្ត រើសអើងចំពោះរាជរដ្ឋាភិបាល ពេលដែលនិយាយដល់បញ្ហាសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា៕