(ភ្នំពេញ)៖ អ្នកប្រដាល់ឆ្នើម លំដាប់ជួរមុខរបស់កម្ពុជា៤ រូប ក្នុងនោះមានម្ចាស់ខ្សែក្រវ៉ាត់ស្រាបៀរកម្ពុជា កីឡាករ ឃីម ឌីម៉ា, សេក គឹមរួន, ឆៃ សារ៉ា និងឌុម កែវដា និងប៉ះគ្នាជាមួយនឹងអ្នកប្រដាល់ថៃចំនួន ៤នាក់ទៀត នៅលើសង្វៀន CNC ប្រជែងគ្រងតំណែងខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ដែលការប្រកួតប្រដាល់ នេះជាលក្ខណៈអន្តរជាតិមានឈ្មោះថា «ប្រដាល់លក្ខណៈអន្តរជាតិ ដើម្បីដណ្តើមខ្សែក្រវ៉ាត់ភេសជ្ជៈ ប៉ូវកម្លាំងគោជល់ទម្ងន់៦៣.៥០គីឡូក្រាម វគ្គ៧»។

កម្មវិធីប្រកាសការប្រកួតកីឡាប្រដាល់ ជាលក្ខណៈអន្តរជាតិ មានឈ្មោះថា «លក្ខណៈអន្តរជាតិ ដើម្បីដណ្តើមខ្សែក្រវាត់ភេសជ្ជៈ ប៉ូវកម្លាំងគោជល់ទម្ងន់៦៣.៥០គីឡូក្រាម វគ្គ៧»មានការអញ្ជើញចូលរួមពីសំណាក់ លោក ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធកីឡាគុនខ្មែរ និងជាប្រធានសហព័ន្ធកីឡាសកលកម្ពុជា និងលោក មាន សំអុល នាយកចាត់ទូទៅភេសជ្ជៈប៉ូវគោជល់។

លោក មាន សំអុល បានថ្លែងថា សង្វៀន CNC បង្កើតកម្មវិធីដោយបន្ថែម នូវប្រដាល់ក្បាច់បុរាណខ្មែរ ហាក់មានចេតនាចង់លើក កម្ពស់ការប្រកួត ឲ្យប្រសើរជាងមុន ដើម្បីដណ្តើមទីផ្សារ និងស្វែងរកការគាំទ្រ ពីមហាជនក៏ដោយ ក៏អ្នកគ្រប់គ្រងការប្រកួត ត្រូវបានរៀបចំជាលក្ខណៈ អន្តរជាតិដើម្បីដណ្តើមខ្សែ ក្រវ៉ាត់ភេសជ្ជៈប៉ូវកម្លាំងគោជល់នេះ ។

លោកបន្តថា ការចាប់ផ្តើមសាជាថ្មី លើទីតាំងចាស់របស់ CNC ដោយត្រូវបានបន្ថែមនូវ ព្រឹត្តិការណ៍ប្រកួតសម្រាប់ CNC នេះ ត្រូវបានកំណត់ការផ្សាយផ្ទាល់នៅរាល់ល្ងាចថ្ងៃសៅរ៍ចាប់ពីម៉ោង ៦ ដល់ ៨ យប់ ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងគោលជល់ ត្រូវបានគេរំពឹងថា អាចទាក់ទាញអ្នក ទស្សនាច្រើនជាងមុន។

ដោយឡែក លោក ស៊ីថូ ណាថាន់ តំណាង លោក ម៉ុន រ៉ាម៉ាឌី នាយកគ្រប់គ្រង CNC បានថ្លែងថា គម្រោងនៃការប្រកួតខ្សែ ក្រវាត់គោជល់ចម្រុះដោយ កីឡាករកម្ពុជានិងកីឡាករថៃ រាល់ល្ងាចថ្ងៃសៅរ៍នេះ គឺមានគោលបំណងលើក ស្ទួយវិស័យកីឡានៅកម្ពុជា។ ការប្រកួតក្បាច់បុរាណខ្មែរ របស់យើងនិងអ្នកប្រដាល់ថៃពិត គឺកំពុងនាំមកនូវ ព្រឹត្តិការណ៍ប្រកួតដ៏ទាក់ទាញ និងមានការចូលរួមទស្សនា យ៉ាងច្រើនជាងលើកមុនៗ ហើយតម្លៃខ្លួនប្រកួតរបស់កីឡាករ និងប្រាក់រង្វាន់ត្រូវបានបង្កើន ឲ្យបានខ្ពស់ជាងលើកមុនដែរ៕