(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះវត្តមានយោធាអាមេរិក នៅក្នុងទីក្រុង Manbij ដោយបញ្ជាក់ថារាល់កងទ័ព បរទេសទាំងអស់ដែលចូលក្នុងទឹកដីស៊ីរី ដោយគ្មានការអនុញ្ញាតគឺជា «ពួកឈ្លានពាន»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន PHOENIX TV លោក អាសាដ បានគូសបញ្ជាក់ដូច្នេះថា៖ «រាល់កងទ័ពបរទេសដែលចូលក្នុងទឹកដីស៊ីរី ដោយ គ្មានការអនុញ្ញាត ឬអញ្ជើញ មិនថាជាកងទ័ពតួកគី ឬក៏អាមេរិក គឺសុទ្ធសឹងតែជាពួកឈ្លានពាន»។
លោក អាសាដ បន្តទៀតថា «តើពួកយោធាបរទេសទំាងអស់នេះ នឹងធ្វើអ្វី? ប្រយុទ្ធជាមួយពួក ISIS មែនឬទេ? កងទ័ពអាមេរិកកាំង បានចាញ់សឹងតែគ្រប់សមរភូមិសង្រ្គាម។ ពួកគេ (អាមេរិក) បានចាញ់សង្រ្គាមនៅអ៊ីរ៉ាក់។ ពួកគេ បានបញ្ចប់តាមរយៈការដកថយ ហើយរឿងបែបនេះក៏កើតឡើងដូចគ្នាផងដែរនៅសូម៉ាលី។ នេះមិនទាន់រាប់បញ្ចូលសង្រ្គាមនៅវៀតណាម និងអាហ្វហ្គានីស្ថានផង។ ជាងនេះទៅទៀត ពួកគេមិនចេះធ្វើអ្វីទាល់តែសោះ ក្រៅតែពីបង្កភាពច្របូកច្របល់ ពោលបើនិយាយឱ្យចំ ពួកគេពិតជាខ្លំាង ខ្លាំងរហូតគ្មានលេខដាក់ខាងបង្កើតបញ្ហា និងបំផ្លិចបំផ្លាញ ក៏ប៉ុន្តែមិនចេះរកដំណោះស្រាយនោះទេ»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍នោះដែរ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថាតើទីក្រុងដាម៉ាស់ នឹងបើកទ្វារឱ្យកងទ័ពអាមេរិក ដែរឬទេ? ប្រធានាធិបតីស៊ីរី រូបនេះឆ្លើយយ៉ាងលឿនថា «No (ទេ!)»៕