(កណ្តាល)៖ លោក សន វី អនុប្រធានទី១ នៃក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានចុះសួរសុខទុក្ខពលរដ្ឋតាមខ្នងផ្ទះ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោជ ថវិកាមួយចំនួន និងកង់មួយគ្រឿងផងដែរ។

ក្រោយពីចុះសួរសុខទុករួច លោកបានដឹកនាំកម្លាំងបន្តទៅពិនិត្យផ្លូវបេតុង១ខ្សែ ក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលទើបតែបញ្ចប់ការស្ថាបនារួចរាល់ ទៅតាមសំណើរបស់ពលរដ្ឋ តាមរយៈក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន។

លោក សន វី បានដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះពលរដ្ឋ ពីភូមិមួយទៅភូមិមួយ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំព្រែកគយ ដែលធ្លាក់មានជំងឺប្រចាំកាយ និងស្រ្តីមេម៉ាយក្រីក្រ ហើយបានឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន រួមនិងកង់មួយគ្រឿងផងដែរ។

លោកបានផ្តែផ្តាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំព្យាបាលខ្លួន និងខិតខំថែរក្សាសុខភាព ព្រោះបើសុខភាពល្អហើយ ជីវភាពគ្រួសារក៏អាចកើនឡើងមួយម្រិតផងដែរ។

ក្រោយពីសួរសុខទុកប្រជាពលរដ្ឋរួចនោះ លោកបានដឹកនាំក្រុមការងារបន្តចុះទៅពិនិត្យផ្លូវ បេតុង១ខ្សែ ដែលទើបស្ថាបនារួច ក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង តបតាមសំណើរបស់ប្រជាពលរដ្ឋ តាមរយៈក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ រួមនិងអាជ្ញាធរស្រុកស្អាង ដែលផ្លូវនេះ ភ្ជាប់ពីផ្លូវលេខ២១បេ ឆ្ពោះទៅកាន់មាត់ទន្លេមានប្រវែង ជាង២០០ម៉ែត្រ និងទទឹង៤ម៉ែត្រ។ លោកបានផ្ដាំផ្ញើប្រជាពលរដ្ឋ ត្រូវនាំគ្នាចូលរួមជួយថែរក្សា ដើម្បីទុកប្រើប្រាស់បានយូរអង្វែង៕