(ភ្នំពេញ)៖ មន្ត្រីរាជការចូលនិវត្តន៍ នឹងត្រូវតំឡើងប្រាក់បៀវត្សរ៍ប្រចាំខែ ដូចទៅនឹងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធផងដែរ ចាប់ខែមេសា ឆ្នាំ២០១៧​ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញថា ជាការគិតគូរដល់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការដែលបានចូលនិវត្តន៍នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែ ជូនដល់ពួកគាត់ផងដែរ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ តទៅ។

លោកបានបញ្ជាក់ថា ការដំឡើងនេះ គឺសម្រាប់មន្ត្រីរាជការចូលនិវត្តន៍ ដែលមានប្រាក់បៀវត្សរ៍ទាបបំផុត ៣៦ម៉ឺនរៀល នឹងត្រូវដំឡើងរហូតដល់ ៤២ម៉ឺនរៀល។ ចំណែកឯមន្ត្រីរាជការចូលនិវត្តន៍ ដែលមានប្រាក់បៀវត្សរ៍ចាប់ពី៦០ម៉ឺនរៀល ត្រូវបន្ថែម១ម៉ឺនរៀល។

លោក យក់ ប៊ុនណា បានបន្ថែមទៀតថា ក្រៅតែពីដំឡើងប្រាក់បៀវត្សរ៍ហើយនោះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ទាំងអស់ក្នុងម្នាក់ៗ ៥ម៉ឺនរៀលទៀតផងដែរ ដែលសរុបទាំងអស់ប្រមាណ៧លានដុល្លារ៕​