(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី បានដឹកនាំក្រុមការងារ ជាមន្ត្រីថ្នាក់ក្រោម មកចូលរួមផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងបច្ច័យជាច្រើន ដែលជាកម្មវិធីមនុស្សធម៌របស់ព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០៤គ្រួសារ ដែលមកពីតាមបណ្ដាភូមិនានា ក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗតាមគ្រួសារនិមួយៗ បានមួយចំនួន។
សកម្មភាពមនុស្សធម៌នេះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវត្តទួលសុណ្ណរាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌ ព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ និងគណកម្មការអាចារ្យវត្ត យាយជី តាជី អាជ្ញាធរសង្កាត់លោក សយ កុសល និងមន្ត្រីក្រុមយុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ យ៉ាងច្រើនកុះករផងដែរ។
ក្នុងពិធីនេះ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ បានមានសង្សដីការថា បន្ទាប់ពីព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ បានទទួលអនិច្ចធម្មកាលពីកន្លងទៅ និងក្នុងឱកាសបុណ្យគំរប់ខួប១០០ថ្ងៃ ប្រគេនព្រះបដិសន្ធិវិញ្ញាណ ដោយគណកម្មការបានរៀបចំជាបច្ច័យ និងគ្រឿងឧបភោគបរិភោគ តាមព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងការរួមចំណែកលើកកម្ពស់វិស្ស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន។
ដោយឡែក លោក ជា ពិសី បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ផងដែរថា ពីមុនរហូតមកទល់បច្ចុប្បន្ននេះ មានការខុសប្លែកគ្នាយ៉ាងខ្លាំង ព្រោះអ្វីៗក៍យើងមាន ហើយមានសប់គ្រប់បែបយ៉ាង នេះក៍ព្រោះតែនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញបរិបូរ ទើបយើងទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរបែបនេះ។
បន្ថែមពីនេះ លោក ហោ ណាំហុង បានលើកឡើងថា ព្រោះតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ជូនដោយឥតគិតថ្លៃ នូវសេវាចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរថែមទៀត។
ក្រោយបញ្ចប់កម្មវិធី ថ្នាក់ដឹកនាំ បានចែកជូនទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៤ម៉ឺនរៀល។
ជាមួយគ្នានោះ ព្រះតេជគុណ តំណាង ព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ក៍បានផ្ដល់ថវិកាជូនដល់កងកម្លាំងសមត្ថកិច្ចរដ្ឋបាលប៉ុស្ដិ៍-ខណ្ឌ និងប្រជាការពារសង្កាត់-ខណ្ឌ ព្រមទាំងក្រុមយុវជនសង្កាត់-ខណ្ឌ ចំនួន១០៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល៕