(តាកែវ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី នៅវត្តភ្នំបូរី ស្ថិតក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ក្នុងទឹកដីប្រវត្តិសាស្ត្រដែល បានកកើតឡើងនា
សម័យនគរភ្នំ និងចេនឡានៃកម្ពុជា និងមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ។
ក្នុងឱកាសប្រារព្ធពិធីនេះ លោក សុខុម ភគវន្តមុនី បានថ្លែងសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញចូលរួមកម្មវិធីនាពេលនេះ ញ៉ាំងឲ្យពិធីកាន់តែមាន ភាពមហោឡារិកអធិកអធមថែមទៀត។
បន្ថែមពីនេះ លោកក៏បានលើកឡើង ពីប្រវត្តិទាក់ទងនឹងការកសាងសមិទ្ធិផលផ្សេងៗ នៅទីអារាមវត្តភ្នំបូរី និងការស្ថាបនាផ្លូវតភ្ជាប់មកកាន់វត្តភ្នំបូរី ក៏ដូចជាសមិទ្ធិផលជាច្រើនផ្សេងទៀត ដែលបានលេចចេញជារូបរាងជាបន្តបន្ទាប់ នៅក្នុងស្រុកអង្គរបូរីយើង ដូចបងប្អូនឃើញជាក់ស្តែងស្រាប់នាពេលនេះ។
លោកបានបន្តទៀតថា ព្រះវិហារថ្មីនេះ ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពី ពិធីបញ្ចុះបឋមសិលានេះ នឹងក្លាយទៅទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធិផលមួយដ៏ធំរបស់ស្រុកអង្គរបូរីផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ស្រុកអង្គរបូរី មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ជាកិច្ចបន្តបន្ទាប់ពីកម្មវិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី បានបញ្ចប់រួចរាល់ លោកប្រធានក្រុមការងារ បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនស្ត្រីក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដើម្បីរំលឹក និងអបអរសាទរខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រី ដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។
លោកបានរំលឹកថា នៅប្រទេសយើងចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺសម្តេចទាំងពីរ សម្តេច ហេង សំរិន ជាពិសេស សម្តេច តេជោ ហ៊ុន សែន បានតម្រូវឲ្យគ្រប់ក្រសួង-ស្ថាប័ន និងមូលដ្ឋានខេត្ត-ស្រុក រៀបចំពិធីរំលឹកខួបនេះជារៀងរាល់ឆ្នាំទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ តែងតែបានប្រារព្ធពិធីនេះ
មិនដែលអាក់ខានឡើយ។ ស្ត្រី ពិតជាបានដើរតួនាទីយ៉ាងសំខាន់ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើន៕