(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ និងគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េចំនួន ៦៤នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១២-១៣ ខែមីនា ឆ្នាំ២០១៧ រួមមានសេវាពិនិត្យព្យាបាលផ្នែកត្រចៀក ច្រមុះ ភ្នែក ផ្នែកសម្ភព និងកុមារ ផ្នែកជំងឺសើស្បែក និងផ្នែកវះកាត់ និងសន្លាក់។
លោក ជា បូរ៉ា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ និងត្រូវមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺផ្សេងៗ ដែលនាំឱ្យខាតបង់ពេលវេលា លុយកាក់ និងប៉ះពាល់សុខភាព។
លោកបានគូសបញ្ជាក់ថា ចំពោះការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺជាស្មារតីមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ និងនិន្នាការនយោបាយឡើយ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនេះ ឱ្យបានគ្រប់ៗគ្នា។
បន្ទាប់ពីបានសំណេះសំណាល ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រួចមក លោក ជា បូរ៉ា បានជួបប្រជុំជាមួយក្រុមការងារគណបក្ស ចុះជួយឃុំស្វាយតាយាន គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ និងបានផ្តល់ អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ ត្រូវខិតខំដោះស្រាយសេវាសាធារណៈ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវលុបបំបាត់ភាពអសកម្ម ដែលធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ពិសេសត្រូវយកចិត្តទុកដាក់កសាងអំពើល្អ ជាមួយប្រជាពលរដ្ឋ។
២៖ បន្តពង្រឹងការកសាង និងគ្រប់គ្រងសមាជិកគណបក្ស ដោយខិតខំកសាងបក្ស តាមរយៈយុទ្ធសាស្ត្រ «រក្សាចាស់ កសាងថ្មី»។ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងធ្វើការ ឆ្លើយតបឱ្យទាន់ពេលវេលា រាល់ការឃោសនាអកុសល បំផ្លើសការពិត ចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
៣៖ បន្តផ្សាភ្ជាប់ជិតស្និទ្ធជាមួយប្រជាជនក្នុងឃុំ និងក្តាប់ឱ្យបាន ពីតម្រូវការ និងសំណូមពរផ្សេងៗ ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕