(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ញជើងគោក បានប្រាប់ទៅទាហានឲ្យប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។
នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០១៦ និងទិសដៅអនុវត្តភារកិច្ចក្នុងឆ្នាំ២០១៧ នៅកងពលតូចលេខ៧០ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវស្វែងយល់ការពិត និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ថ្នាក់ដឹកនាំរបស់អង្គភាព និងប្រកាន់គោលជំហរហ្នឹងនរ និងប្តេជ្ញាចិត្តដើម្បីការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ បានអបអរសាទ និងកោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើងលេខ៧០ និងនាយទាហាន ពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជាច្រើន នាពេលកន្លងមក និងកំពុងកសាងសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ។
លោកបញ្ជាក់ថា «អង្គភាពមួយមានមានតួនាទីការពារសុខសន្តិភាព ស្ថេរភាព ក៏ដូចជា ការងារសង្គមជាច្រើនទៀតដែលនាយទាហាន នាយទាហានរង ពលទាហានចូលរួមជាប្រចាំថ្ងៃ ជាមួយរាជរដ្ឋាភិបាលភិបាល ក្នុងការបម្រើប្រជាជន។ នេះគឺជាមោទនភាពរបស់អង្គភាព។ អង្គភាពមិនអាចរីកចម្រើនបានទេ បើគ្មានឆន្ទៈរបស់នាយទាហាន ពលទាហានទាំងអស់់នៅក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ការងារគ្រប់គ្រង សតិអារម្មណ៍ ការបណ្តុះឆន្ទៈ និងស្មារតីដល់កងកម្លាំងប្រដាប់អាវុធ គឺជាការងារសំខាន់ណាស់របស់អង្គភាពដើម្បីការពារសុខសន្តិភាព ស្ថេរភាពសង្គម និងបម្រើប្រជាជន»។
លោកបានលើកឡើងពីគោលការណ៍ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកងកម្លាំប្រដាប់អាវុធ រួមមាន៖
១-ជីវភាពរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារយោធិនត្រូវបាន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប់ជាប្រចាំតាមរយៈការតម្លើងប្រាក់បៀវត្ស និងការផ្គត់ផ្គង់ផ្សេងៗ
២-កិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ត្រូវបានលើកតម្កើន និងផ្តល់កិត្តិយសតាមរយៈការយកចិត្តទុកដាក់ចំពោះប្រាក់សោត្សធននិវត្តន៍ ការឧបត្ថម្ភផ្សេងៗ។ ការបំផុសចលនាមហាជនឲ្យគាំទ្រ និងទទួលស្គាល់គុណូបការៈ និងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមជនប្រជាជន
៣-ការតម្លើងឋានន្តរស័ក្តិ និងរូបភាពលើកទឹកផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំប្រដាប់អាវុធ។ ប៉ុន្តែការ ដោះស្រាយទាំងអស់នេះ មិនបានគ្រប់តម្រូវការនោះទេ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះកងកម្លាំងប្រដាប់អាវុធ និងគ្រួសារយោធិន។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏មានសារសំខាន់ ដើម្បីរួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់កើតឡើងនូវបទពិសោធន៍ល្អៗ កែលម្អរនូវចំណុចខ្វះខាត និងបញ្ហាប្រឈមដើម្បីជាចក្ខុវិស័យ ក្នុងការដាក់ចេញនូវវិធានការគន្លឹះសំដៅសម្រេចបាន នូវសមិទ្ធិផល និងស្នាដៃធំៗថែមទៀត ដើម្បីឱ្យកងពលរឹងមាំ និងមានសមត្ថភាពល្អគ្រប់គ្រាន់។
លោកថា «កងពលតូចថ្មើរជើងលេខ៧០ បានសម្រេចបាននូវលទ្ធផលជាច្រើនរួមមាន ការធ្វើកំណែទម្រង់ផ្ទៃក្នុងអង្គភាព ការងារកសាង ការងារប្រឡងប្រណាំង ការងារហ្វឹកហ្វឺនបំពាក់បំប៉នសមត្ថភាពជំនាញដល់យោធិន ការងារយោធារអន្តរជាតិ ការប្រតិបត្តិការជួសង្គ្រោះ ការងារមនុស្សធម៌ និងការងារ និងការការពារសុខសន្តិភាព ស្ថេរភាពនយោបាយដើម្បីប្រជាជន រស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព ការរីកលូតលាស់របស់ប្រទេសជាតិ និងភាពខ្ពស់មុខខ្ពស់មាត់ ភាពស្មើរសិទ្ធិនៅក្នុងតំបន់ និងពិភពលោក»៕