(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest Program) សម្រាប់សិស្សថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ក្នុងវគ្គផ្តាច់ព្រ័ត្រលើកទី៣ ប៊ែលធី Level រយៈពេល២ថ្ងៃកន្លះ ថ្ងៃទី០៩ ទី១០ និងទី១១ មីនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជនចំនួន ៦២នាក់ មកពី១៦សាខា និងមានអ្នកចូលរួម ៣,៩០០នាក់ ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។

តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា បច្ចុប្បន្ននេះមានសិស្ស-និស្សិត កំពុងសិក្សា ៣៣,៦២៩នាក់ ហើយសិស្សទាំងនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ នៅរៀងរាល់ខែមីនា។ ការប្រកួតប្រជែងនិយាយជាសាធារណៈនេះ ធ្វើឡើងជា២ដំណាក់កាលគឺ៖ 

១-កម្រិតសាខា (Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពីថ្នាក់ទី៣ ដល់ទី១២ រួចបញ្ជូនបេក្ខជនជយលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ។
២-កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២។ ហើយរង្វាន់ដែលត្រូវទទួលបាន គឺ៖ 
- លេខ១: មេដាយមាស១ លិខិតសរសើរ ប្រាក់ 300$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន៣ឆមាស។ ដោយឡែកថ្នាក់ទី១២ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់150$
- លេខ២: មេដាយប្រាក់១ លិខិតសរសើរ ប្រាក់ 200$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ២ឆមាស។ ដោយឡែកថ្នាក់ទី១២ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់100$
- លេខ៣: មេដាយសំរិទ្ធ១ លិខិតសរសើរ ប្រាក់ 100$ និងអាហារូបករណ៍សិក្សា ថ្នាក់ចំណេះទូទៅ ១០០% ចំនួន ១ឆមាស។ ដោយឡែកថ្នាក់ទី១២ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់50$

ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត ៣ថ្ងៃ ២យប់ ។
ហើយឆ្នាំនេះ សិស្សប៊ែលធីក៏បានជាប់សិស្សពូកែរាជធានីភ្នំពេញ ថ្នាក់ទី៩ ចំនួន ៧នាក់ ក្នុងនោះ ជាប់លេខ១ និងលេខ៣ ផ្នែកអក្សរសិល្ប៍ ៤នាក់ ជាប់លេខ៣ គណិតវិទ្យា ២នាក់ និងជាប់លេខ១ រូបវិទ្យា ១នាក់។ ចំណែកថ្នាក់ទី១២ ជាប់លេខ១ ផ្នែកអក្សរសិល្ប៍ ចំនួន ១នាក់ នឹងត្រៀមប្រឡង សិស្សពូកែទូទាំងប្រទេសនាពេលខាងមុខ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកបានបន្ថែមទៀតថាកម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកចំណេះទូទៅឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ហើយដើម្បីឲ្យក្មួយៗទាំងអស់មានភាពក្លាហាន បង្កើនទំនុកចិត្ត ហ៊ាននិយាយជាសាធារណៈក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អ ក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក លី​ ឆេង និងលោកស្រី ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជយលាភី ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន១២នាក់ ផងដែរ៕