Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បន្តយុទ្ធនាការចុះពិនិត្យទំនិញតាមផ្សារ, លទ្ធផលរកឃើញទំនិញខូចគុណភាពមួយចំនួន

11-03-2017 18:08

(សៀមរាប)៖ ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូល​ នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងតាមមាត់ច្រកនៅតាមព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទីផ្សារ ស្ថិតនៅផ្សារព្រះដាក់ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីពិនិត្យគុណភាព លើផលិតផល ម្ហូបអាហារ ផលិតផលកំប៉ុង និងដបដែលកំពុងដាក់តាំងលក់នៅផ្សារព្រះដាក់ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួនរួមមាន៖ សណ្តែកបណ្តុះ ស្ពៃជ្រក់ បន្លែស្ពៃស្រស់ ប្រហុក សាច់ក្រក អំបិលអ៊ុយ៉ូតរួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ុយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា៖ Sodium Hydrosulfite ,Salicylic Acid និងBorax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យមើលលើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះមួយចំនួនពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព សំបកកំប៉ុងកំពិត ច្រែះ ហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើការណែនាំ និងធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។

ផលិតផលខូចគុណភាព ដែលបានដកហូតរួមមាន៖ ទឹកភេសជ្ជៈចម្រុះ តែស្លឹកកំប៉ុង នំបង្កងកំប៉ុង នំធុង មីកញ្ចប់ចម្រុះ ស្រាបៀរកំប៉ុងរូបស្ទាំង។ សរុបទាំងអស់មានទម្ងន់ 184.690ឝីឡូក្រាម។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ៕