(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើលើថ្មក្រោម ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងនៅវេលាម៉ោងប្រមាណ ០៣៖០០នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។ ផ្ទះដែលរងការឆាបឆេះនេះស្ថិតនៅជិតផ្សារមង្គលបុរី ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពេលឆាបឆេះភ្លាមៗនោះ កម្លាំងនគរបាលពន្លត់អគ្គិភ័យខេត្តបន្ទាយមានជ័យ បានចេញអន្តរាគមន៍ភ្លាមៗ ហើយនឹងបាញ់ពន្លត់អគ្គិភ័យទៅវិញ ដោយប្រើទឹកអស់ចំនួន ៦រថយន្ត។

បើទោះបីមានការអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងណាក្តី តែអគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះនេះស្ទើរតែទាំងស្រុង។ គេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតដោយសារគ្រោះអគ្គិភ័យនេះនៅឡើយទេ៕