(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានថា ហាង CK Cafe មានលេងល្បែងភ្នាល់បាល់ដ៏ធំ, នៅវេលាម៉ោង១៦៖៣០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងភ្នាល់បាល់នេះ ស្ថិតនៅម្តុំផ្សារតាប៉ាង តាមបណ្តោយផ្លូវលេខ៥៣ ខាងត្បូងឈៀងខាងកើតផ្សារធំថ្មី ខណ្ឌដូនពេញ ! ដឹកនាំដោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌ, លោក ហួត ចាត់ យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ ។

លោក ហួត ចាត់យ៉ារ៉ាន់ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន និងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលរបស់លោក សហការជាមួយអាជ្ញាធរ បានចុះមកបង្ក្រាបជាក់ស្តែង ដោយឃើញវត្ថុតាងជាច្រើនតែម្តង។

សូមជំរាបថា ទីតាំងលួចភ្នាល់បាលដ៏ធំមួយមានយីហោ «CK Cafe» ស្ថិតនៅម្តុំផ្សារតាប៉ាង តាមបណ្តោយផ្លូវលេខ៥៣ ខាងត្បូងឈៀង ខាងកើតផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ លួចបង្ហើបថា មានការបើកល្បែងភ្នាល់បាល់ ជាយូរណាស់មកហើយ មិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ។

បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានស្នើមកអង្គភាព Fresh News សុំឲ្យជួយចុះផ្សាយសុំឲ្យសមត្ថកិច្ចចុះបង្ក្រាប ពីព្រោះកូនចៅរបស់ខ្លួន បានយកលុយទៅលេងជាប្រចាំ និងចាញ់អស់យ៉ាងច្រើន។ លោកថា «ការចាញ់ល្បែងស៊ីសងបែបនេះ អាចបង្ខំឲ្យរូបគេ និងមិត្តភក្តិផ្សេងទៀតនោះ អាចប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងសង្គម ពីព្រោះតែការងប់ងល់នឹងល្បែងមួយនេះ»។

បើតាមប្រជាពលរដ្ឋរូបនេះ សម្រាប់ទីតាំង CK Cafe មួយថ្ងៃៗមានចូលលេងយ៉ាងច្រើន ទៅចាក់បាល់ដែលនាំឲ្យចាញ់អស់យ៉ាងច្រើន រាប់ពាន់ដុល្លារ ឯណោះ ពេលខ្លះមានទាំងសមត្ថកិច្ចចូលទៅចាក់ផងដែរ។ បើតាមសេចក្តីរាយការណ៍​ បុគ្គលទីតាំងភ្នាល់បាល់មួយនេះ បានយកតារាងភ្នាល់បាល់ទៅ ចែកចាយតាមហាងកាហ្វេ និងទីសាធារណៈទៀតផង ដើម្បីជូនព័ត៌មានដល់ អ្នកដែលចង់លេង ឬភ្នាល់អាចអញ្ជើញទៅ តាមការគូសផែនទីពីទីតាំង ដែលបានផ្តល់ជូន។

ជាមួយគ្នានេះ បើតាមអ្នកដឹងរឿងម្ចាស់ទីតាំងមួយនេះ ក៏មានសាខាមួយទៀតស្ថិតនៅតាមផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនមានឈ្មោះ Golden 88 Net ដែលមួយថ្ងៃៗក៏មានអ្នកទៅចាក់ចាញ់លុយមិនតិចផងដែរ៕