(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងសម្រាប់ស្នើសុំសាងសង់ មណ្ឌលព័ត៌មានទេសចរណ៍ និងបង្គន់អនាម័យ ​នៅសួនច្បារមហាសណ្ឋាគារអង្គរ នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

មណ្ឌលទេសចរណ៍នេះ អាចជួយដល់ភ្ញៀវទេសចរ ដើម្បីរៀបចំផែនការដំណើរកម្សាន្ត និងឆ្លើយនូវរាល់សំណួររបស់លោកអ្នកបាន។ ជាងនេះទៅទៀត មណ្ឌលព័ត៌មាននេះ ក៏បានផ្តល់ជូនឥតគិតថ្លៃនូវសៀវភៅមគ្គុទេសចរណ៍ ផែនទីបង្ហាញផ្លូវ និងព័ត៌មានទេសចរណ៍ដ៏ទៃទៀតអំពីខេត្ត និងកន្លែងទេសចរណ៍ជាច្រើនទៀត។

បន្ទាប់ពីត្រួតពិនិត្យ និងវាស់ទីតាំងរួមមក លោក ឃឹម ប៊ុនសុង ក៏បានបន្តពិនិត្យមើលការដ្ឋានសាងសង់ស្ពានភ្លោះមុខ ព្រះរាជដំណាក់ និងការពង្រីកផ្លូវខាងមុខស្ពានភ្លោះ។ គម្រោងស្ថាបនានេះគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស នៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ក្នុងព្រឹត្តិការណ៍ អង្ករសង្រ្កាន្ត ដែលប្រារព្ធឡើងលើទឹកដីប្រវត្តិសាស្រ្តសៀមរាបអង្គរ៕