(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានព្រមានយ៉ាងជាក់ច្បាស់ថា ក្រសួងនឹងដកអាជ្ញាបណ្ណអាជីវកម្ម និងធ្វើការផាកពិន័យ លើម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ភោជនីយដ្ឋានណា ដែលមិនព្រមបិទតារាងថ្លៃសេវារបស់ខ្លួនតាមស្ដង់ដារ និងលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។

ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីទទួលបានអនុសាសន៍ផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឲ្យកាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ ប្លែក និងពិសេសជាងមុន នៅទីស្ដីការក្រសួងទេសចរណ៍នោះ លោកបណ្ឌិត ថោង ខុន បានថ្លែងការណ៍កោតសរសើរចំពោះ ស.ស.យ.ក ដែលបានដឹកនាំ និងរៀបចំព្រិត្តិការណ៍អង្គរសង្ក្រានប្រកបដោយជោគជ័យ៤លើករួចមកហើយ នៅតំបន់ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់យើង។

ក្រៅពីការចូលរួមទ្រទ្រង់ដូចជា ការផ្សព្វផ្សាយសកម្មភាពកីឡា ការជំរុញចលនាយុវជននិងទីក្រុងស្អាត ។ល។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការពង្រឺងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីក្រុងសៀមរាបអង្គរ ដែលជាទីក្រុងបេតិកភណ្ឌមួយ និងជាទីក្រុងទេសចរណ៍ដ៏ធំរបស់ប្រទេសជាតិ ហើយដែល ជាច្រកចូលសំខាន់ទៅកាន់តំបន់អង្គរ ក៏ចាំបាច់ត្រូវរួមគ្នាធ្វើឲ្យមានសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ កែលំអ សោភ័ណភាពទីក្រុង សោភណ្ឌភាពដងស្ទឺង ព្រមទាំងតំបន់ទេសចរណ៍កំសាន្តនៅចុងឃ្នាស (ទន្លេសាប) ឲ្យបានល្អជាងឆ្នាំមុន ពិសេសសិក្សាយ៉ាងណាដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាឲ្យទីក្រុងនេះស្អាតជាងឆ្នាំមុន ផ្លូវដីមួយចំនួនក៏គប្បីចាក់ក្រាលកៅស៊ូឲ្យបានច្រើនជាងឆ្នាំមុន។ ព្រមជាមួយនោះគោលដៅទេសចរណ៍ផ្សេងៗទៀត នៅជុំវិញដូចជាភ្នំគូលែន សហគមន៍ទេសចរណ៍នានា ក្រសួងនឹងខិតខំសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ធ្វើឲ្យមានការអភិវឌ្ឍ និងគ្រប់គ្រងឲ្យបានល្អជាងឆ្នាំមុន។ល។ ព្រមជាមួយនេះក្រសួងទេសចរណ៍ សូមគាំទ្រចំពោះគំនិតផ្តួចផ្តើមរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ ពិព័រណ៍នានាក្នុងទីក្រុងឲ្យបានល្អ។

ទាក់ទងនឹងការឡើងថ្លៃសេវាស្នាក់នៅ ម្ហូបអាហារក្នុងពេលបុណ្យទាន លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាកាតព្វកិច្ចនិង គោលការណ៍ ដើម្បីឲ្យស្របតាមច្បាប់ទេសចរណ៍ និងស្របទៅនឹងលក្ខណៈវិនិច្ឆ័យ នៃការធ្វើអាជីវកម្មគ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបិទឬដាក់តាំងតារាងថ្លៃសេវា និងម្ហូបអាហាររបស់ខ្លួនឲ្យបានច្បាស់ (ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ) ដើម្បីងាយស្រួលដល់ សមត្ថកិច្ចតាមដាន និងត្រួតពិនិត្យ។ ក្រសួងទេសចរណ៍នឹងដាក់ចេញនូវប្រកាសនេះ ដើម្បីរំលឹកឲ្យគ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ ទាំងអស់ដាក់តាំងតារាងតម្លៃ សេវា និងម្ហូបអាហារ។ មូលដ្ឋានអាជីវកម្ម និងសេវាកម្មណាមិនអនុវត្ត គឺមិនអាចប្រកបអាជីវកម្មបានទេ គឺក្រសួងទេសចរណ៍ នឹងមិនផ្តល់អាជ្ញាបណ្ណទេសចរណ៍បន្ត ឬអាជ្ញាបណ្ណទេសចរណ៍ថ្មីឡើយ។ គ្មានអាជ្ញាបណ្ណទេសចរណ៍ គឺជាការរកស៊ីខុសច្បាប់។

លោករដ្ឋមន្ត្រីបានសំណូមពរឲ្យគ្រប់មូលដ្ឋានអាជីវកម្ម ធ្វើការពង្រឹងសេវាកម្មឲ្យបានល្អ ប្រកបដោយគុណភាព និងផ្តល់ដល់ភ្ញៀវទេសចរប្រកប ដោយការពេញចិត្ត។ បុគ្គលិកបំរើការត្រូវមានឯកសណ្ឋានឲ្យបានល្អ។ ព្រមជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ជួយរៀបចំផ្ទះសម្បែងឲ្យភ្ញៀវទេសចរជួលស្នាក់នៅ។ ម្យ៉ងទៀតអនុវត្តតាមអនុសាសន៍ណែនាំខ្ពង់ខ្ពស់របស់សម្តេចតេជោ សុំឲ្យអាជ្ញាធរសិក្សារៀបចំ ដីទំនេរឲ្យបាន ២ឬ៣ហិកតា ដើម្បីសំរួលឲ្យប្រជាពលរដ្ឋដែលពុំអាចមានលទ្ធភាពរកបានកន្លែងស្នាក់នៅ ចូលស្នាក់នៅដោយរៀបចំឲ្យមានប្រព័ន្ធទឹក ភ្លើង បង្គន់អនាម័យឲ្យបានគ្រប់គ្រាន់ ។

លោករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ កុំបិទអាជីវកម្មនៅពេលបុណ្យអង្គរសង្ក្រាន្តឲ្យសោះ ដោយគួររៀបចំគោល នយោបាយល្អឲ្យបងប្អូននយោជិក បុគ្គលិក ឈប់សម្រាកនៅក្រោយពេលបុណ្យជាការល្អប្រសើរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ខាងមុខ ពោលគឺស្របពេលជាមួយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលឆ្នាំនេះខាង ស.ស.យ.ក បញ្ជាក់ថា មានកម្មវិធីកម្សាន្តៗជាច្រើនប្លែកពីឆ្នាំមុនៗ៕