(សេអ៊ូល)៖ ក្រុមអ្នកតាមដានសកម្មភាពកូរ៉េខាងជើង តាមរយៈរូបភាពពីប្រព័ន្ធផ្កាយរណបបានបញ្ជាក់ថា សកម្មភាពក្នុងតំបន់ផ្លូវរូងក្រោមដី នៃទីតាំងធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងតែផុសផុលបន្ថែមទៀតហើយ ដែលវាអាចឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមានកម្លាំងខ្លាំងលើសមុនរហូតដល់ទី ១៤ដងឯណោះ។ នេះបើតាមការចេញផ្សាយព័ត៌មាននៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
រូបភាពពីផ្កាយរណបដែលវែបសាយ 38 North ចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញពីសកម្មភាពរបស់ក្រុមវិស្វកម្មកូរ៉េខាងជើង នៅតំបន់ដែលទីក្រុងព្យុងយ៉ាងទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរមានឈ្មោះថា Punggye-ri ដែលរដ្ឋនេះធ្លាប់បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរចំនួន ០៥លើករួចមកហើយ។ របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ការបន្តជីករូងក្រោមដីនៅតំបន់ភ្នំ Mantap ពិតជានឹងអនុញ្ញាតឲ្យកូរ៉េខាងជើង ធ្វើតេស្តគ្រាប់បែកនុយក្លេអែរក្រោមដី ដែលមានអានុភាពខ្លាំងលើសមុនៗទៀត ដែលវាអាចនឹងកើនឡើងរហូតដល់ទៅទម្ងន់ ២៨២គីឡូតោន (ខ្លាំងលើសមុន ១៤ដង)»។
គួរបញ្ជាក់ថារបបដឹកនាំទីក្រុងព្យុងយ៉ាងបានធ្វើបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៥ ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ហើយបើយោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរបាននៅគ្រប់ពេលវេលាទាំងអស់ ប្រសិនប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ចេញបញ្ជាឲ្យធ្វើដូច្នោះនោះ។
បច្ចុប្បន្ននេះមានរឿងធំៗចំនួនបីដែលកូរ៉េខាងជើងកំពុងជួបប្រទះដូចជា ទំនាក់ទំនងប្រេះស្រាំជាមួយប្រទេសម៉ាឡេស៊ី ក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ, ការសម្រេចបំពាក់ប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង, និងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រវាងអាមេរិក-កូរ៉េខាងត្បូង ដែលគ្រោងនឹងបញ្ចប់នៅខែមេសា៕