(ភ្នំពេញ)៖ ដោយសារតែការភ្នាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ មិនត្រូវបានសមត្ថកិច្ច និងអាជ្ញាធរចុះបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះ បានធ្វើឲ្យម្ចាស់ទីតាំងមួយចំនួន រឹតតែបង្ហាញ និងលាងត្រដាងជាសាធារណៈ ដោយផ្តល់ព័ត៌មានជូនអ្នកចាក់ អ្នកលេង និងអ្នកភ្នាល់យ៉ាងទូធំទូលាយតែម្តង ដោយមិនខ្លាចញញើតឡើយ។
ទង្វើ និងសកម្មភាពទាំងនេះ បានទទួលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាច្រើន មិនគួរណាម្ចាស់ទីតាំងបើកល្បែងស៊ីសងទាំងនេះ ទៅបង្ហាញ និងជូនដំណឹងតាមទីសាធារណៈនោះទេ។ ពួកគាត់សុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យកម្លាំងនគរបាល ចុះបង្ក្រាប និងទប់ស្កាត់បញ្ហាទាំងនេះផង ដើម្បីកុំឲ្យកាន់តែរីកសាយភាយ លាតត្រដាងបែបនេះតទៅទៀត។
ជាក់ស្តែង ទីតាំងលួចភ្នាល់បាលដ៏ធំមួយមានយីហោ «CK Cafe» ស្ថិតនៅម្តុំផ្សារតាប៉ាង តាមបណ្តោយផ្លូវលេខ៥៣ ខាងត្បូងឈៀងខាងកើតផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ លួចបង្ហើបថា មានការបើកល្បែងភ្នាល់បាល់ជាយូរណាស់មកហើយ មិនដែលឃើញមាន អាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបនោះទេ។
បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានស្នើមកអង្គភាព Fresh News សុំឲ្យជួយចុះផ្សាយសុំឲ្យសមត្ថកិច្ចចុះបង្ក្រាប ពីព្រោះកូនចៅរបស់ខ្លួនបានយកលុយ ទៅលេងជាប្រចាំ និងចាញ់អស់យ៉ាងច្រើន។ លោកថា «ការចាញ់ល្បែងស៊ីសងបែបនេះ អាចបង្ខំឲ្យរូបគេ និងមិត្តភក្តិផ្សេងទៀតនោះ អាចប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងសង្គម ពីព្រោះតែការងប់ងល់នឹងល្បែងមួយនេះ»។
បើតាមប្រជាពលរដ្ឋរូបនេះ សម្រាប់ទីតាំង CK Cafe មួយថ្ងៃៗមានចូលលេងយ៉ាងច្រើន ទៅចាក់បាល់ដែលនាំឲ្យចាញ់អស់យ៉ាងច្រើនរាប់ពាន់ដុល្លារ ឯណោះ ពេលខ្លះមានទាំងសមត្ថកិច្ចចូលទៅចាក់ផងដែរ។ បើតាមសេចក្តីរាយការណ៍ បុគ្គលទីតាំងភ្នាល់បាល់មួយនេះ បានយកតារាងភ្នាល់បាល់ទៅ ចែកចាយតាមហាងកាហ្វេ និងទីសាធារណៈទៀតផង ដើម្បីជូនព័ត៌មានដល់អ្នកដែលចង់លេង ឬភ្នាល់អាចអញ្ជើញទៅ តាមការគូសផែនទីពីទីតាំង ដែលបានផ្តល់ជូន។
ជាមួយគ្នានេះ បើតាមអ្នកដឹងរឿង ម្ចាស់ទីតាំងមួយនេះ ក៏មានសាខាមួយទៀតស្ថិតនៅតាមផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនមានឈ្មោះ Golden 88 Net ដែលមួយថ្ងៃៗក៏មានអ្នកទៅចាក់ចាញ់លុយមិនតិចផងដែរ៕