(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក ខេត្តកំពង់ធំ និង លោកស្រី ខៀវ ស៊ីណា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានចូលរួមជាអធិបតី ក្នុងការបើកសម្ភោធ ឲ្យប្រើប្រាស់ នៅសមិទ្ធផលជាច្រើន ក្នុងវត្តធម្មនាថ ស្ថិតនៅក្នុងឃុំសង់ឃ្លាំង ស្រុកសន្ទុក ខេត្តកំពង់ធំ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ។
លោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក បានឲ្យដឹងថា សមិទ្ធផលវិស័យពុទ្ធសាសនា ក្នុងវត្តធម្មនាថ ដែលបានដាក់ឲ្យសម្ភោធ ប្រើប្រាស់នៅថ្ងៃនេះ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ ដែលចំណាយអស់ថវិកាសរុប ចំនួន១៥៨លាន ៥សែន៤ពាន់រៀល និងប្រាក់ដុល្លាចំនួន ៦៥,៧៩៧ដុល្លារអាមេរិក ដែលបានមកពីការចូលរួម ពីសំណាក់លោក ជា ចាន់តូ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការធនាគារជាតិនៃកម្ពុជាទាំងអស់។
លោកថ្លែងបន្ដទៀតថា គិតមកដល់ពេលនេះ ក្នុងស្រុកក៏ដូចប្រជាពលរដ្ឋស្រុកសន្ទុក បានទទួលសមិទ្ធផលជាច្រើនពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់តាមរយៈលោក ជា ចាន់តូ និងលោកស្រី ក្នុងនោះសមិទ្ធផលខាងផ្នែក ពុទ្ធចក្រមានតម្លៃជាង ៨១៦លានរៀល និងប្រាក់ដុល្លាមានចំនួនជាង២សែនដុល្លារអាមេរិក និងខាងផ្នែកអាណាចក្រមាន ចំនួនជាង២០០លានរៀលនិងប្រាក់ ដុល្លារមានចំនួន ប្រមាណ៣សែនដុល្លារអាមេរិក។
លោក ជា ចាន់តូ បានបញ្ជាក់នាឱកាសនោះថា សមិទ្ធផលដែលសម្រេចបាននេះ ពិតជាកើតឡើងដោយការខិតខំប្រឹងប្រែងនិងការរួម សាមគ្គីគ្នាពិតមែន ប៉ុន្តែ បើគ្មានសុខសន្តិភាព និងស្ថិរភាពខាងនយោបាយនោះទេ ក៏យើងគ្មានឱកាសបានកសាង សមិទ្ធផលនេះ ឡើងបានដែរ។
លោកបានឲ្យដឹងទៀតថា តាមរយៈសមិទ្ធផលដែលទទួលបាននាពេលនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការជឿជាក់លើ ជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិ ចំពោះព្រះពុទ្ធសាសនា និងបានបង្ហាញកាន់តែច្បាស់នូវការគាំទ្រ ដល់គោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ដែលជានិច្ចកាលតែងតែ បានយកចិត្តទុកដាក់ និងខិតខំរកគ្រប់មធ្យោបាយនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។ ពិសេសទៀតនោះ គឺការដោះស្រាយរាល់ការលំបាក របស់ប្រជាពលរដ្ឋ នៅតំបន់ជនបទសំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃ ។
លោក ជា ចាន់តូ បានចាត់ទុកនូវសមិទ្ធផល ដែលសម្រេចបានក្នុងវិស័យព្រះពុទ្ធសាសនានាពេលនេះថា ជាការរួមចំណែកផ្ដល់នូវ វិភាគទានដ៏ធំ មួយក្នុងការលើកស្ទួយវិស័យ ព្រះពុទ្ធសាសនាកានតែរីកចម្រើនផងដែរ។
ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា ពិសេសនៅទីអារាមវត្តធម្មនាថ កាន់តែរីកចម្រើនទៀតនោះលោក ជា ចាន់តូ និង លោកស្រីបានជួយ កសាងរបងវត្តប្រវែង១០០ម៉ែត្រ ឧបត្ថម្ភបច្ច័យចំនួន២៨លានរៀល សម្រាប់បង្ហើយក្លោងទ្វារវត្ត បច្ច័យ២០លានសម្រាប់កសាង សមិទ្ធផលបន្ត និង នាំយកថវិកា ក្រណាត់ស សៀវភៅ ប៉ិច ជូនដល់លោមយាយលោកតា និង សិស្សានុសិស្សដែលបានចូលរួម និង បានប្រកាសជួយកសាងសាលាបាលី ១ខ្នង ៣ បន្ទប់ដល់ វត្តធម្មនាថផងដែរ ៕