(ភ្នំពេញ)៖ បើកឆាកការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុន(J League 3) នារសៀលនេះ ក្រុមម្ចាស់ផ្ទះ Kagoshima United បានបំបាក់ក្រុមខ្ចីជើងកីឡាករ ចាន់ វឌ្ឍនាកា គឺក្រុម Fujieda MYFC យ៉ាងចាស់ដៃជាមួយលទ្ធផល ៥-០ ដើម្បីទទួលបាន ៣ពិន្ទុឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៅក្នុងការប្រកួតជើងទី១ ដែលទើបបញ្ចប់ការប្រកួតមុននេះ ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុម Kagoshima រកបានដោយកីឡាករ Goryo Junki ២គ្រាប់នៅនាទីទី១៣ និងនាទីទី៤០, Tominari Shinji(នាទីទី១១), Mizumoto katsunari(នាទីទី២០) និងកីឡាករ Noriaki Fujimoto(នាទីទី៧៤) ។ រីឯក្រុម Fujieda MYFC ហាក់មានឱកាសវាយបកច្រើននៅតង់ទី២ ប៉ុន្ដែធ្វើមិនបានសម្រេចឡើយ ក្រោយរារាំងដោយខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះ Kagoshima United នោះ ។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការប្រកួតទី១ របស់ក្រុម Fujieda MYFC នេះមិនមានវត្តមានខ្សែប្រយុទ្ធជំនាញជើងឆ្វេងកម្ពុជា ចាន់ វឌ្ឍនាកា នោះទេ ខណៈគ្រូបង្វឹកលោក Atsushi Oishi បានអះអាងថា វឌ្ឍនាកា អាចនឹងដាក់ឲ្យលេងនៅសប្ដាហ៍ទី៣ ឬសប្ដាហ៍ទី៤ ខាងមុខឯណោះ ៕