(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​បានថ្លែងអំពាវនាវ យ៉ាងទទូចឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកជនទូទាំងប្រទេស ឲ្យមានការអនុគ្រោះដល់ប្រជាពលរដ្ឋដែលទៅខ្ចីប្រាក់របស់ខ្លួនដើម្បីប្រើប្រាស់ និងបំពេញភាពខ្វះខាតក្នុងការប្រកប មុខរបរផ្សេងៗ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្ថែមឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទូទាំងប្រទេស សូមមានការលើកលែង និងអធ្យាស្រ័យ នៅពេលដែល ពួកគាត់យឺតយ៉ាវក្នុងការបង់ប្រាក់ សូមកុំរឹបអូសដី និងផ្ទះរបស់ពួកគាត់ ហើយសូមពន្យាពេលដល់ពួកគាត់ផង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចអញ្ជើញចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារជនពិការ ១,២៨៨គ្រួសារមកក្នុងខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។

បន្ថែមពីលើនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឲ្យបងប្អូនពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវ អត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈម របស់យើងទាំងអស់គ្នា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តលើកទឹកចិត្តដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ដោយព្យាយាមដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕