(ភ្នំពេញ)៖ ដោយសារតែអស់សង្ឃឹម និងលែងមានជំនឿតទៅទៀត ចំពោះការដឹកនាំនោះ សមាជិកគណបក្សសង្គ្រោះជាតិ​ចំនួន១០៧នាក់ បានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចួលរួមចំណែកការអភិវឌ្ឍ​ជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ពិធីប្រកាសបញ្ចូលជាសមាជិកថ្មីមកពីគណបក្សសង្គ្រោះជាតិទាំង១០៧ និងមានសមាជិកគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៣១នាក់សរុប១៣៨នាក់ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សខណ្ឌ ក្រោមវត្តមាន​លោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ។

ក្រោយពីតំណាង សមាជិក សមាជិកា ដែលសុំចូលរួមជាសមាជិកគណបក្សប្រជាជន បានឡើងអានពាក្យសុំចូល​ជាសមាជិករួចមក សមាជិក សមាជិកា គណបក្ស​ប្រជាជន ដែលទើបបញ្ចូលថ្មី បានលើកឡើងថា «ដោយសារអស់សង្ឃឹម អស់ជំនឿចិត្ត លើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន និងចាញ់ឧបាយក​លបោកប្រាស់ ការសន្យាខ្យល់ បក្ខពួកនិយមក្នុងជួរគណបក្ស ទើបពួកយើងមិនអាចរស់នៅជាមួយ​គណបក្សប្រឆាំង បានតទៅទៀត ហើយបានស្វែងយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយ​ដឹកនាំត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិមាតុភូមិ ធ្វើឲ្យប្រទេស រីកចម្រើនលើគ្រប់វិស័យ មានស្ថេរភាព​នយោបាយ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា  ទើបធ្វើឲ្យពួកយើងស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍ​ប្រទេសជាតិរីកចម្រើនបន្ថែមទៀត»

សកម្មភាពបន្តចាកចេញពីគណបក្សសង្គ្រោះជាតិខាងលើនេះ បានធ្វើឡើងខណៈដែលនៅថ្នាក់មូលដ្ឋាន មានការឈ្លោះគ្នា និងបែកបាក់គ្នាយ៉ាងខ្លាំង​ ជាពិសេសចំពោះការដណ្តើមលេខរៀង សម្រាប់ឈរឈ្មោះការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុននេះ ហើយចរន្តនៃការចាកចេញពីបក្សប្រឆាំងនេះ នឹងកើតមានឡើងជាបន្តបន្ទាប់ទៀត។

លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌ បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ត​ដ៏ត្រឹមត្រូវរបស់សមាជិក សមាជិក ទាំង១៣៨នាក់ ដែលបានជ្រើសរើសចូលរួមជីវភាព នយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា ដែលជាគណបក្សដែលមានស្នាដៃធំធេង បានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានអភិវឌ្ឍន៍​ប្រទេសឲ្យរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ មានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធា ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់​សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះលោក នុត ពុធដារ៉ា សូមឲ្យបងប្អូន សមាជិក សមាជិកាថ្មីទាំងអស់ ត្រូវតែគោរពឲ្យបាននូវលក្ខន្តិកៈគណបក្ស និងមានទំនាក់ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុងល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួមគ្នាបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នាពេលខាងមុខ ដើម្បីគណបក្សមានលទ្ធភាពក្នុងការបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិ​បន្តទៅមុខទៀត។

គួរបញ្ជាក់ថា សមាជិកដែលសុំចូលរួមជាមួយគណបក្សប្រជាជនខណ្ឌដង្កោ មានចំនួន១៣៨នាក់ ដែលរួមមាន៖ សមាជិក អ្នកគាំទ្រ និងសកម្មជន រួមទាំងមេភូមិខ្យល់ របស់គណបក្សសង្គ្រោះជាតិ១០៧នាក់ និងគណបក្សហ្វ៊ុនស៊ិនប៉ិច៣១នាក់ មកពីសង្កាត់ចំនួន៧ ក្នុងនោះ សង្កាត់ព្រៃស៤៣នាក់ សង្កាត់ជើងឯក២២នាក់ សង្កាត់ព្រៃវែង២០នាក់ សង្កាត់ក្រាំង​ពង្រ២១នាក់ សង្កាត់ព្រែកកំពឹស១៨នាក់ សង្កាត់ពងទឹក០៩នាក់ និងសង្កាត់ដង្កោ ០៥នាក់៕