(កោះកុង)៖ រថយន្ត Highlander ពណ៌ទឹកមាសដែលជារបស់លោក ម៉េង តិច ជាអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណោតផ្លូវកោង ស្រុកបុទុមសាគរ ដោយបុកជាមួយរថយន្តម៉ាក Lexus RX-៣០០ ខណៈដែលរថយន្តទាំង២គ្រឿងនេះ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៥៖១៥ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជិតអន្ទង់អាំងធំ គ.ម ៥៩-៦០ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បណ្តាលឲ្យប្រុស-ស្រីចំនួន៥នាក់រងបួស និងរថយន្តទាំង២គ្រឿងខូចខាតផ្ទៃខាងមុខ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត Highlander ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2Z-2066 របស់ឈ្មោះ ម៉េង តិច ជាអនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង និងរថយន្តម៉ាក Lexus RX-៣០០ ពាក់ផ្លាកលេខភព2A-5569 របស់ឈ្មោះ យុន ហេង ភេទប្រុស អាយុ៤២ឆ្នាំ នៅខេត្តកោះកុង រថយន្តទាំង២គ្រឿងនេះ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យបុកគ្នាត្រង់ចំណោតផ្លូវកោង។
បច្ចុប្បន្ន រថយន្តទាំង២នេះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ៕