(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតហើយ លោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាសមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌឫស្សីកែវ បានសួរទៅកាន់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ខណ្ឌឫ​ស្សីកែវ​ជាច្រើននាក់ថា តើចង់ឲ្យចៅសង្កាត់របស់យើងឈ្នះឆ្នោតឫអត់? ប្រសិនចង់ឲ្យចៅសង្កាត់យើងទទួលជោគជ័យ ក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅពេលខាងមុខនេះបានទាល់តែកម្លាំងឃោ​សនិក មេខ្យល់ ជនប្រតិកម្មរហ័ស និងស កម្មជនរបស់CPP ធ្វើយ៉ាងណាត្រូវតែស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីយកទៅអនុវត្តផ្សប់ផ្សាយឲ្យមានប្រសិទ្ធភាពខ្ពស់។

ការឃោសនាដឹកនាំជាបន្តបន្ទាប់របស់ CPP ខណ្ឌឫស្សីកែវបែបនេះ ត្រូវបានលោក ប្រាជ្ញ សីហា លើកឡើងក្នុងឱកាសផ្ដល់វគ្គបំ​ពាក់បំប៉នមួយ ទៅដល់ឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័​ស សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅសាលប្រជុំមន្ទីរ បក្សសង្កាត់ទួលសង្កែទី២ ដោយមានការ​ចូលរួមពីលោ​ក អ្នក បូរ សមាជិកបក្សខណ្ឌ ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ប្រធានក្រុមប្រឹក្សាគណបក្សសង្កាត់ទួលសង្កែទី២ លោក អ៊ុក ខេមា និងអនុប្រធានក្រុមប្រឹក្សាគណបក្សសង្កាត់ លោក ហម វិរៈ និងលោក នេត តោន ព្រមទាំង លោក លោកស្រី ជាសមា​ជិក សមាជិកា ក្រុមការងារមកពី តាមបណ្ដាសាខាបក្សភូមិជាង១០០នាក់ផងដែរ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ក្នុងការផ្ដល់វគ្គបំ​ពាក់បំប៉ន របស់គណៈឃោសនាអប់រំនេះ ទាមទារឲ្យ​មេខ្យល់ ជនប្រតិកម្មរហ័ស សកម្មជន ស្គាល់ពីតួរនាទីភារកិច្ច ទាំង៤ចំណុចសំខាន់ៗរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីបន្តអនុវត្តជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានជោគជ័យ ក្នុងយុ ទ្ធនាការបោះឆ្នោត ជ្រើសរើ​សក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ព្រោះនៅសល់ប្រហែលជា៩០ថ្ងៃទៀ​តប៉ុណ្ណោះ​។

លោកបានពន្យល់យ៉ាងដូច្នេះថា ទី១៖អំពីមេខ្យល់ ត្រូវចំណាំថា ជាអ្នកនាំមុខមហាជនដែលមានទីតាំង និងការរៀបចំបានត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិ ជាអ្នកមានឥទ្ធិពលលើក្រុម (ផ្លូវការ ឫក្រៅ ផ្លូវការ) ព្រមទាំងមានប្រជាប្រិយភាព ទាំងការនិយាយ ស្ដីឫធ្វើការ អំពាវនាវចំពោះអ្នកដ៏ទៃ ហើយជាអតីត ឫបច្ចុប្បន្នជា អ្នកដឹកនាំ ឫក៏អ្នកមានគុណសម្បត្តិ ក្នុងមូលដ្ឋាននោះដោយ គួបផ្សំមានជីវភាពបង្គួរ បើប្រៀបធៀបទៅសមាជិកក្នុងក្រុម ជាពិសេស ត្រូវចេះចែករំលែកផលប្រយោជន៍ដល់ក្រុមចេះដឹងសុខទុក្ខ និងជួយយកអាសារអ្នកដ៍ទៃ។

ទី២៖ជនប្រតិកម្មរហ័ស​ ជាមនុស្សដែលអង់អាចក្លាហាន ហ៊ាននិយាយ ហ៊ានវាយបកទាន់ពេល ដោយផ្ទាល់ ឫដោយ ប្រយោលទៅលើ គំនិតមិនចម្រើនជឿនលឿន ឫក៏ការឃោសនា អកុសលរបស់មជ្ឈដ្ឋានអគតិនានា ពិសេសជាអ្នកធ្វើ សកម្មភាពជាមួយមហាជនដែលគ្មាន ការរៀបចំច្បាស់លាស់ នៅតាមទីផ្សារ ឫកន្លែងសាធារណៈ។ ចាំបាច់ ជនប្រតិកម្មរហ័ស ត្រូវមានលក្ខណៈសិល្បៈ នៅក្នុងការបកស្រាយ ឫឆ្លើយទៅនិងសំនួរនានា ត្រូវមានភាពហ្នឹងហ្នឹរ អត់ធ្មត់ មិនប្រឡោត ហើយសំខាន់ជាងនេះ ត្រូវមានភាពប៉ិនប្រសប់ដោយ ខិតខំរកវិធី ដោយចេះឆ្លៀតឱកាស យកព័ត៌មានវិជ្ជមាន និងអវិជ្ជមានពីគណបក្សនានា មកធ្វើការវិភាគសរុប និងសន្និដ្ឋានខ្ចាប់លើតថៈភាព សច្ចៈភាព និងភាពសមហេតុផល នៃរឿងរ៉ាវនីមួយៗ ដោយសមស្របទៅនិងមូលដ្ឋានផង។

ទី៣៖ឃោសនិក គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលផលិត ចងក្រងខ្លឹមសារ និងបំពេញការងារឃោសនាអប់រំ និងជាអ្នកផ្សប់ផ្សាយបន្ត គោលមាគ៌ានយោបាយ កម្មវិធីនយោបាយរបស់គណបក្ស សេចក្ដីសម្រេចនានារបស់បក្ស។ល។ ដើម្បីជូនដល់សមាជិកបក្សនិងមហាជន គ្រប់មូលដ្ឋាន ដោយមានភាពប៉ិនប្រសប់ សិល្ប៍វិធី និងវោហាសាស្ត្រ ធ្វើឲ្យអ្នកចូលរួមចាប់អារម្មណ៍ និងយកចិត្តទុកដាក់ស្ដាប់ពិសេស លក្ខណៈសម្បត្តិរបស់ឃោសនិក គឺជាអ្នកមានចំណេះដឹងទូទៅ មានសមត្ថភាព ក្ដាប់ជាប់គោលមាគ៌ា គោលនយោបាយកម្មវិធី នយោបាយ របស់គណបក្ស ព្រមទាំងមានភាពឈ្លាសវៃ ជាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនបាន នៅគ្រប់កាលៈទេសៈ ហើយជាអ្នកចូលចិត្ត ការស្រាវជ្រាវ និងចងក្រងខ្លឹមសារនានា តាមដានសភាពការ ជាតិ-អន្តរជាតិ រួមនិងមានសិលធម៌ របៀប រស់នៅល្អ និងមានសុខភាព ល្អ។

ទី៤៖សកម្មជននយោបាយ គឺជាជនពាក់ព័ន្ធក្នុងដំណើរការ នយោបាយ ដែលប៉ិនប្រសប់ ជំរុញលើកទឹកចិត្ត ឫរារាំងបង្កើនការយល់ដឹងអំពី បញ្ហាអ្វីមួយ ដល់អ្នកចូលរួម ព្រមទាំងហ៊ានប្រយុទ្ធ ដើម្បីផលប្រយោជន៍ក្រុម ឫគណបក្ស។ ម្យ៉ាងទៀត សកម្មជនគណបក្សជាអ្នកមាន ទឹកចិត្តស្មោះត្រង់ជាមួយបក្ស ចេះឃោសនា ហ៊ានការពារ ហ៊ានប្រឈមទៅ និងកម្លាំងប្រឆាំង ដែលវាយប្រហារមកលើ គណបក្ស ពិសរសលក្ខណៈសម្បត្តិ របស់សកម្មជនគណបក្ស ជាអ្នកមានសមត្ថភាព និងក្ដោបក្ដាប់ គោលមាគ៌ា គោលការណ៍ គោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្ស និងស្ថានភាពរបស់ប្រទេសជាតិ ហើយប៉ិនប្រសប់ប្រើប្រាស់វិធីសាស្ត្រក្នុងការពន្យល់និងបកស្រាយ រាល់បញ្ហា ដែលកំពុងកើតមាន ដោយពន្យល់ដល់អ្នកចូលរួម ងាយយល់ដឹង មានវោហាសាស្ត្រគ្របដណ្ដប់លើដៃគូរ ព្រមទាំងមានកាយ សម្បទាមាំមួន និងមានលក្ខណៈសិល្បៈក្នុងការនិយាយ ដោយចូលរួមគ្រប់វេទិកា ព្រិត្តិការណ៍នយោបាយរបស់បក្ស រួមនិងឃោសនា ចលនា មហាជនឲ្យគាំទ្រគណបក្ស ការពារប្រយុទ្ធដើម្បីផលប្រយោ​ជន៍គណបក្ស។

ក្រោយបញ្ចប់កម្មវិធីឃោសនាអប់រំ លោក ប្រាជ្ញ សីហា និង លោក អ៊ុក ខេមា ក៏បានចូលរួមឧបត្ថម្ភ ជាថវិកាចំនួន២លាន១សែន៤ម៉ឺនរៀល ដល់កម្លាំងឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស និងសក​ម្មជនជាង១០០នាក់ របស់គណបក្សប្រជាជនកម្ពុជាផងដែរ៕