(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាង នាយឧត្តមសេនីយ៍បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បាននាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូន នាយ-ពលនាវី ចំនួន១៤០២នាក់ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នាឱកាសបុណ្យចូលឆ្នាំជាតិ ប្រពៃណីខ្មែរខាងមុខ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បាននាំយកនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កោតសរសើរដល់នាយ-ពលនាវីទាំងអស់ដែលបាន ខិតខំយកចិត្តទុកដាក់ ក្នុងការការពារថែរក្សាសន្តិសុខនៅតាមបណ្តាល ជុំវិញកោះឆ្នេរ និងសមុទ្រ និងបូរណភាព ទឹកដីនៃ កម្ពុជា ព្រមទាំងការពារឲ្យបានដាច់ខាតបដិវត្តន៍ពណ៌ មិនឲ្យកើតមានឡើង នៅកលើទឹកដីកម្ពុជា និងការពារនាយករដ្ឋមន្រ្តី ដែលប្រសូតចេញពីការបោះឆ្នោតស្របច្បាប់។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានប្រគល់ជូននូវនាយ-ពលនាវីករួម ចំនួន១៤០២នាក់ ក្នុងម្នាក់ៗជូនថវិកា ៤ម៉ឺរៀល, គ្រួសារកងទ័ពចំនួន១៨៥នាក់ ក្នុងម្នាក់ៗ ជូនខិត១ កញ្ចប់ ថវិការ ២ម៉ឺនរៀល, អង្ករចំនួន ១០ តោន, ទឹកសុទ្ធ ចំនួន១០០ កេស, មីចំនួន១០០កេស, ទឹកក្រូច ចំនួន៥០កេស, ស្រាបៀរ ចំនួន១០០ កេស,ផ្តល់ជូនថវិកា ចំនួន២០លានរៀល ដល់បញ្ជាការដ្ឋាន ការពារកោះឆ្នេរផងដែរ៕