(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ តួរនាទីឲ្យបានខ្ជាប់ខ្ជួន និងហាមរើសអើងទៅលើពលរដ្ឋមាន ឬក្រ ដើម្បីសមជាអ្នកជួយសង្គ្រោះជីវិតអ្នកដទៃ។
ការថ្លែងបែបនេះរបស់លោក ស ថាវី បានធ្វើឡើងស្របពេលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសន្និបាតសុខាភិបាលខេត្ត លើកទី១៤ និងការពិនិត្យរួមគ្នា សមិទ្ធិផលសុខាភិបាលឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលបានរៀបចំពេញ១ថ្ងៃ ដោយមានការបង្ហាញជូន និងសំណួរពិភាក្សា។
លោកបានបន្ថែមថា ត្រូវជួយយកអាសារដោយមិនប្រកាន់តួនាទី និងឋានៈ ឬ អ្នកមាន អ្នកក្រ ត្រូវឲ្យមានអ្នកប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ទាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ត្រូវត្រួតពិនិត្យជាប្រចាំ នូវឱសថស្ថានលក់ទាំងអស់ និងគ្លីនិកឯកជននានា ដោយមិនត្រូវប្រហែសឡើយ។
លោកអភិបាលខេត្ត បានសង្គត់ធ្ងន់ថា កន្លងមកមានគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ គេហដ្ឋាន នានាក្នុងខេត្ត បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ត្រូវធ្វើការអប់រំជាប្រចាំនូវការរក្សាឲ្យបានអនាម័យ ហូបស្អាត ផឹកស្អាត ជុះស្អាត ដេកស្អាត ផ្សព្វផ្សាយជាបន្ទាន់នូវសារាចរណ៍ណែនាំរបស់ក្រសួង ដើម្បីឲ្យប្រជាពលរដ្ឋបានការប្រុងប្រយត្ន័ ទាន់ពេលវេលាត្រូវ រក្សាឲបាននូវសាមគ្គីភាពផ្ទៃក្នុងដើម្បីជាកម្លាំង ដ៏រឹងមាំសំរាប់មន្ទីរអង្គភាពរបស់យើង។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ក៏បានអានជូននូវរបាយការណ៍ សកម្មភាពសន្និបាត ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពេញ១ថ្ងៃ ទាំងសមិទ្ធិផលដែលសម្រេចបានការលំបាក សំណូមពររបស់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ៕