(កណ្តាល)៖ មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងអង្គរក្សនាយករដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ឯក ដួង ហេង បានប្រាប់ទៅកម្លាំងអង្គរក្ស និងកងកម្លាំងយោធាថា «ខ្ញុំសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ក្តាប់នូវ​សកម្មភាពផ្សេងៗ ចំពោះអ្នកដែលមានបំណងចង់បំផ្លាញ នូវសុខសន្តិភាព ការអភិវឌ្ឍ ផលប្រយោជន៍ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង ព្រមទាំងក្រុមដែលមានបំណងញុះញង់ និងបង្កអស្ថេរភាព ក្នុងសង្គមដែលបណ្តាលឲ្យរំខានដល់សុខសន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែការពារដាច់ខាត និងប្រឆាំងដាច់ខាត ចំពោះអ្នកដែលប៉ុនប៉នចង់ធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់យើងឲ្យបានជាដាច់ខាត និងត្រូវស្តាប់បទបញ្ជារប​ស់ប្រមុខរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ​ ឲ្យបានម៉ឺងម៉ាត់»

ការអំពាវនាវរបស់មេបញ្ជាការរងកងអង្គរក្សខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០១៧នេះ ខណៈលោកឧត្តមសេនីយ៍ បានអញ្ជើញចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលការងារអប់រំចិត្តសាស្រ្តជំនាន់ទី៧ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជការ នៃទីបញ្ជាការដ្ឋានកងអង្គរក្ស និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋន អនុរដ្ឋលេខាធិការក្រសួងការពារ ដែលក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក នួន​ នរិន្ទ មេបញ្ជាការរងអង្គរក្ស និងជានាយកសាលាហ្វឹកហ្វឺនអង្គរក្ស ព្រមទាំងថ្នាក់ដឹកនាំក្នុងនាយកដ្ឋានអង្គរក្ស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ដួង ហេង បានថ្លែងថា កងកម្លាំងទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសន្តិសុខ និងសវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបាន១០០ភាគរយ។

លោកឧត្តមសេនីយ៍ បានលើកឡើងទៀតថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោបាយ​ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសកម្ពុជា ប្រែក្លាយពីប្រទេសដែលសល់ស្ទើតែគំនរផេះផង់ ក្រោយឆ្នាំ១៩៧៩ ក្លាយជាប្រទេសមានការឯកភាពជាតិតែមួយ តំបន់ត្រួតត្រាតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ និងព្រះមហាក្សត្រតែមួយ ទើបមានសុខសន្តិភាពពិតប្រាកដ ដែលធ្វើឲ្យប្រទេសយើង មានលទ្ធភាពក្នុងការអភិវឌ្ឍ ធ្វើឲ្យនប្រជាពលរដ្ឋយើង មានភាពងាយស្រួល ក្នុងការធ្វើដំណើរ និងការប្រកបមុខរបរអាជីវកម្ម ផ្សេងៗ ហើយជីវភាពប្រជាពលរដ្ឋ មានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ រហូតនាំឲ្យប្រទេសកម្ពុជាយើងមានឈ្មោះល្បីលើឆាកអន្តរជាតិអន្តរជាតិ»

លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើចំពោះកម្មសិក្សាការី ក្នុងវគ្គបំប៉នការងារអប់រំចិត្តសាស្រ្ត ជំនាន់ទី៧ ដូចខាងក្រោម៖
១៖ត្រូវគោរពវិន័យ និងរបបកំណត់ទងទ័ព ពិសេសរបស់សាលា
២៖ខិតខំរៀនសូត្រឲ្យទទួល​បាន​លទ្ធផលល្អ នៅពេលបញ្ជប់វគ្គ
៣៖យកការយល់ដឹងមកបម្រើអង្គភាព បម្រើប្រជាជន និងស្មោះត្រង់ចំពោះប្រទេសជាតិ
៤៖ត្រូវមានសាមគ្គិភាពផ្ទៃក្នុងល ឲ្យបានល្អ និងរឹងមាំ
៥៖ត្រូវចេះវាយបករាល់សង្គ្រាមចិត្តសាស្រ្តរបស់សត្រូវ តាមបណ្តាញសង្គមហ្វេសប៊ុក និងព័ត៌មានជាដើម
៦៖មិនត្រូវប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាតិ និងសុខភាពរបស់ខ្លួន
៧៖មិនត្រូវធ្វើដែលខុសនឹងច្បាប់របស់រដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់អង្គភាព
៨៖ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ឲ្យបានជាដាច់ខាត
៩៖ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍បទបញ្ជារបស់ថ្នាក់លើ។

បន្ទាប់ពីសំណេះសំណាលលោកឧត្តមសេនីយ៍ ក៏បាននាំយកថវិការបស់នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ចែកជូនអង្គពិធីផងដែររួមមាន៖
១៖គណៈគ្រប់គ្រង ចំនួន១១នាក់ ម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល
២៖យោធាចារ្យ ចំនួន៨៥នាក់ ម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល
៣៖សិក្ខាកាមវគ្គ២៣ ចំនួន២៧៨នាក់ ម្នាក់ៗ ទទួលបាន៣ម៉ឺនរៀល
៤៖សិក្ខាកាមអប់រំចិត្តសាស្រ្ត ចំនួន៧៥នាក់ ម្នាក់ៗ ទទួលបាន៣ម៉ឺនរៀល
៥៖មន្រ្តីមជ្ឈមណ្ឌល ចំនួន៨៥នាក់ ម្នាក់ទទួលបាន១០លានរៀល៕