(កំពង់ស្ពឺ)៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅក្នុងភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង នៅព្រឹកទៀបភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ ដោយខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ចំពោះការខូចខាតរួមមាន៖ ទី១ ផ្ទះលោក ជា សាខន អាយុ៥៩ឆ្នាំ ទំហំផ្ទះ៨ម៉ែត្រ គុណ១៥ម៉ែត្រ ធ្វើពីថ្មក្រោមឈើលើ ប្រក់សង្ក័សី ខូចខាតទាំងស្រុង ទី២. ផ្ទះលោក ហៀង ឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុង ដានី ទំហំផ្ទះ៧ម៉ែត្រ គុណ១០ម៉ែត្រ ធ្វើពីថ្មប្រក់ក្បឿង ខូចខាតទាំងស្រុង និងទី៣.ផ្ទះលោក ឃុន ថោង ភេទប្រុស អាយុ៨៥ឆ្នាំ មានទំហំផ្ទះ៨ម៉ែត្រ គុណ៩ម៉ែត្រ ធ្វើពីថ្មក្រោមឈើលើប្រក់សង្ក័សី ខូចខាតទាំងស្រុង។
សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យទាំងអស់ចំនួន០៦គ្រឿង ក្នុងនោះរបស់ស្នងការខេត្ត០៤ គ្រឿង និងរថយន្តរបស់លោក ឈុន ទ្រី ការ៉ាស់សាំងសូគីម៉ិច០២គ្រឿង តែដោយសារផ្ទះកំពុងឆេះមានល្បឿនលឿនពេក ទើបបណ្តាលឲ្យឆេះទាំងស្រុងតែម្តង។ ចំពោះមូលហេតុវិញ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕