(កណ្តាល)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាងសង់ អគារ​មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី (ជនវិកលចរិក) នៅមជ្ឈមណ្ឌលកុមារកំព្រា​ «បារាំង​ហុងរី​» មានទីតាំងក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្តាល​ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។

មន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា អគារដែលត្រូវសាងសង់នេះមានទំហំ៩ម៉ែត្រគុណ និង៤៦ម៉ែត្រ កំពស់២ជាន់ និងមានចំនួន១០បន្ទប់។ នៅក្នុងពិធីខាងលើនេះ ក៏មានការសណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ព្រមទាំងសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី វង សូត បានសុំឲ្យការសាងសង់ បានកាន់តែឆាប់កាន់តែល្អ បើរួចរាល់នៅចុងឆ្នាំ២០១៧នេះ រឹតតែល្អដើម្បីស្តារមុខមាត់ នៅមណ្ឌលសំចតព្រៃស្ពឺ៕