(ភ្នំពេញ)៖ លីគលំដាប់ទី៣ របស់ជប៉ុន(J League 3) នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី១១ ខែមិនានេះហើយ ដោយក្លឹប Fujieda MYFC ដែលជាក្លឹបខ្ចីជើងកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ទៅលេងនៅទីនោះ ត្រូវជួបប្រកួតបើកឆាកក្រៅទឹកដី ជាមួយក្រុមម្ចាស់ផ្ទះ Kagoshima United នៅវេលាម៉ោង ១២ថ្ងៃត្រង់នេះ(ម៉ោងនៅកម្ពុជា) ហើយក៏មានការផ្សាយបន្ដផ្ទាល់លើ កញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។
កីឡាករ ចាន់ វឌ្ឍនាកា បានឲ្យដឹងពីប្រទេសជប៉ុនថា ប្រកួតដំបូងរបស់ក្លឹបថ្មី(Fujieda MYFC) ខ្លួនមិនទាន់ច្បាស់បានចូល លេង ឬក៏អត់នោះទេ ប៉ុន្ដែខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ហាក់មានសង្ឃឹមថា គ្រូបង្វឹកលោក Atsushi Oishi នឹងដាក់ខ្លួនជួយមិត្តរួមក្រុមក្នុងការប្រកួតដ៏សំខាន់មួយនេះ ។ វឌ្ឍនាកា បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការត្រៀមខ្លួនជួយក្លឹប Fujieda MYFC ស្វែងរកជ័យជម្នះ និងឈានទៅលេងលីគទី២ J League 2 ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda ខ្ចីជើងពីក្លឹបបឹងកេតអង្គរមួយរដូវកាល ក្នុងតម្លៃខ្លួនបិទជិតមិនឲ្យដឹង សម្រាប់ចូលរួមយុទ្ធនាការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុន ក្នុងឆ្នាំ២០១៧នេះ ។ តាមរយៈការខ្ចីជើងនេះហើយ ទើបធ្វើឲ្យទូរទស្សន៍ក្នុងស្រុក BTV ព្យាយាមទាក់ទាង រហូតទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយបន្ដផ្ទាល់រាល់ការប្រកួតរបស់ក្លឹប Fujieda ពេញមួយរដូវកាលតែម្ដង ៕