(ព្រៃវែង)៖ ទាំងគ្រូ និងសិស្ស សុទ្ធតែបានមើលឃើញដូចគ្នាថា ការផ្តល់អគារសិក្សាជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ពង្រឹងការអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យបានកាន់តែច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតក្នុងភូមិ-ឃុំ-ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅសរុប ១៥១បន្ទប់ ដល់សាលាចំនួន ៣ក្នុងស្រុកកំពង់ត្របែក។
សាលាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អគារសិក្សានាព្រឹកមិញនេះ រួមមាន៖
១៖ សាលាបឋមសិក្សាកំពង់ត្របែក ទទួលបានអគារសិក្សា ២ខ្នង ស្មើនិង ៣៦បន្ទប់ ក្នុងមួយខ្នងមានកម្ពស់ ៣ជាន់ និងទីចាត់ការ១ខ្នង ៣បន្ទប់។ សាលានេះ ក៏ត្រូវបានដំឡើងកម្រិតទៅជាអនុវិទ្យាល័យផងដែរ។
២៖ អនុវិទ្យាល័យកំពង់ត្របែក ទទួលបានអគារសិក្សា ២ខ្នង ស្មើនិង ៣៦បន្ទប់ ក្នុងមួយខ្នងមានកម្ពស់ ៣ជាន់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ ព្រមទាំងធ្វើតារាងបាល់ទាត់បាល់ទះថែមទៀតផង។ សាលានេះ ត្រូវបានដំឡើងកម្រិតពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យផងដែរ។
៣៖ វិទ្យាល័យកំពង់ត្របែក ទទួលបានអគារសិក្សា ២ខ្នង ស្មើនិង ៦០បន្ទប់ ក្នុងមួយខ្នងមានកម្ពស់ ៣ជាន់ ទីចាត់ការ ១ខ្នង ៣បន្ទប់ និងអគារស្នាក់នៅរបស់គ្រូ និងសិស្ស ២ខ្នងស្មើនិង ២០បន្ទប់ផងដែរ។
លោក ហិន ពៅ នាយកអនុវិទ្យាល័យកំពង់ត្របែក ដែលទទួលបានចំណងដៃជាអគារសិក្សាពីប្រមុខរាជរដ្ឋាភិបាល បានសម្តែងការសប្បាយរីករាយ និងចាត់ទុកការផ្តល់អគារសិក្សានេះ នឹងរួមចំណែកលើកកម្ពស់ការអប់រំនៅតាមទីជនបទ។
លោក ហិន ពៅ ក៏បានរំពឹងផងដែរថា ការផ្តល់អគារសិក្សា និងដំឡើងកម្រិតសាលាពីកម្រិតបឋម ទៅជាអនុវិទ្យាល័យ ឬ ពីអនុវិទ្យាល័យទៅជាវិទ្យាល័យ នឹងចូលរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សនៅតាមទីជនបទ ហើយជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ត្បិតប្រទេសមួយដែលអាចរីកចម្រើនទៅ បានពឹងពាក់ជាសំខាន់លើធនធានចំណេះដឹង។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៦ ជាពេលដែលសម្តេចផ្តើមការធ្វើដំណើរតាមរថយន្តចុះ តាមបណ្តាខេត្តនានានោះ បានសម្រេចផ្តល់អគារសិក្សា អគារទីចាត់ និងអគារស្នាក់នៅតាមសាលានៅទីជនបទជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ និងជាអ្នកទទួលរាប់រងលើដំណើរការសាងសង់សាលាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា អគារសិក្សាដែលសម្តេចតេជោ ផ្តល់ជូនសាលានានា ចាប់តាំងពីឆ្នាំ២០១៦មកនោះ មានចំនួនសរុប ៣៦៦ខ្នង ស្មើនិងប្រមាណ ៤,១៩១បន្ទប់។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានឲ្យដឹងដែរថា ដំណើរការសាងសង់អគារសិក្សាទាំងនោះ សម្រេចបានប្រមាណ ៧០ ទៅ៨០ភាគរយហើយ ខណៈអគារសិក្សាមួយចំនួនបានដាក់ឲ្យប្រើប្រាស់ដូចជានៅវិទ្យាតេជោហ៊ុន សែន បឹងកុក ក្នុងក្រុងកំពង់ចាម និងនៅតាមខេត្តមួយចំនួនទៀត ក៏គ្រោងនឹងដាក់ឲ្យប្រើប្រាស់ផងដែរ៕