(ម៉ានីល, ហ្វីលីពីន)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧នេះ ប្រតិភូរបស់កម្ពុជាដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា​ថ្នាក់រដ្ឋមន្ត្រីសេដ្ឋ​កិច្ចអាស៊ាន និងតំណាងពាណិជ្ជកម្មសហភាពអឺរ៉ុបលើកទី១៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានលោក រ៉ាមុន ឡូប៉េស (Ramon Lopez) អគ្គលេខាធិការក្រសួងពាណិជ្ជកម្ម និងឧស្សា​ហកម្មហ្វីលីពីន និងលោកស្រី សេស៊ីលៀ ម៉ាល់ស្រម (Cecilia Malmstrom) តំណាងពាណិជ្ជកម្មសហភាពអឺរ៉ុប។

ក្នុងសុន្ទរកថាបើកកម្មវិធី លោក រ៉ាមុន ឡូប៉េស បានលើកឡើងថា «អាស៊ាន បានក្លាយជាទីផ្សារដ៏មាន​ប្រជាប្រិយភាព​របស់ពាណិជ្ជកម្ម និងលំហូរនៃការវិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុប»។

លោកស្រី សេស៊ីលៀ ម៉ាល់ស្រម តំណាងពាណិជ្ជកម្មសហភាពអឺរ៉ុបបានលើកឡើងថា «អាស៊ានជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដែលទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយអឺរ៉ុប ចង់ចូលរួមឲ្យ​កាន់តែស៊ីជម្រៅនៅក្នុងក្របខណ្ឌអាស៊ាន»

កិច្ចប្រជុំនេះ បានកត់សម្គាល់នូវបញ្ហានានា និងអនុសាសន៍មួយចំនួន ដែលបានលើកឡើងដោយក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន-​សហភាពអឺរ៉ុប ហើយបានកោតសរសើរក្រុមប្រឹក្សានេះ ចំពោះការចូលរួមយ៉ាងសកម្មក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហភាពអឺរ៉ុបតាមរយៈសកម្មភាពផ្សេងៗ។ លើសពីនេះ កិច្ចប្រជុំក៏បានអនុម័ត​លើកម្មវិធីការងារពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន-សហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨ ព្រមទាំងចរចាលើការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុបឡើងវិញ។

យោងតាមទិន្នន័យសហភាពអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-សហភាពអឺរ៉ុប មានចំនួន ២០៨ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៦ ហើយសហភាពអឺរ៉ុប នៅតែជាប្រភពនៃលំហូរវិនិយោគដោយផ្ទាល់ដ៏សំខាន់ជាងគេ នៅក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០១៥ ដែលមានទំហំទឹកប្រាក់ ២៣.៣ពាន់លានអឺរ៉ូ៕