(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានរិះគន់ក្រុមអ្នកប្រឆាំងមួយចំនួនថា កំពុងឃោសនាប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលកែប្រែថ្មីប្រមាណ២២មាត្រា ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គ្រាដែលព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។
លោក សុខ ឥសាន បានថ្លែងថា គ្រាដែលច្បាប់នេះត្រូវបានប្រកាសឱ្យប្រើប្រាស់ មានការឃោសនាថា ព្រះមហាក្សត្រទ្រង់ពុំសព្វព្រះរាជហឫទ័យ ក្នុងការឡាយព្រះហស្ថលេខា ឱ្យប្រើប្រាស់វិសោធនកម្មច្បាប់នេះ។ លោកបានចាត់ទុកថា ការឃោសនាបែបនោះ គឺជាការប្រមាថដល់ព្រះចេស្តា ព្រះមហាក្សត្រ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងយ៉ាងដូច្នេះថា៖ «ការនិយាយថា ព្រះមហាក្សត្រ មិនសព្វព្រះហប្ញទ័យ មិនចង់ទ្បាយព្រះហស្ថលេខា លើព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលជនអគតិបានឃោសនាបំភាន់មតិសាធារណៈ ក្នុងចេតនាកេងចំណេញខាងនយោបាយ។ ការនិយាយរបស់ពួកទាំងនេះបានរំលោភរដ្ឋធម្មនុញ និងជាការប្រមាថ ព្រះចេស្តារព្រះមហាក្សត្រ យ៉ាងជាក់ស្តែង មិនអាចប្រកែកបានឡើយ»។
បើតាមមាត្រា២៨ ថ្មី ជំពូកទី ២ នៃរដ្ឋធម្មនុញកម្ពុជា ចែងថា៖ ព្រះមហាក្សត្រ ទ្រង់ទ្បាយព្រះហស្ថលេខាលើព្រះរាជក្រម ឲ្យប្រើច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់រួចហើយ និងទ្រង់ទ្បាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ តាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេសក្នុងពេលនោះព្រះមហាក្សត្រ មានសិទ្ធិផ្ទេរអំណាចទ្បាយព្រះហស្ថលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួស ដោយព្រះរាជសារប្រគល់សិទ្ធិ ។
ដោយឡែក មាត្រា៣០ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ក៏បានចែងដែរថា៖ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភា ទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារៈកិច្ចជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្តមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី ។ មាត្រា ១១ ថ្មី បានចែងថា ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភា ជាអ្នកបំពេញភារកិច្ចនេះ ។
លោក សុខ ឥសាន បានបញ្ជាក់បែបនេះថា «ដូច្នេះ នៅពេលអវត្តមាន ព្រះមហាក្សត្រ ដែលព្រះអង្គយាងព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី មានភារកិច្ចស្របច្បាប់ ក្នុងការចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យ ប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ»។
សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ចំនួន៦០រូប ដើម្បីកែសម្រួលការ ប្រព្រឹត្តទៅ នៃគណបក្សនយោបាយឡើងវិញ ក្រោយពេលច្បាប់នេះ ត្រូវបានអនុវត្ត រយៈពេលជាង២០ឆ្នាំមកនេះ។ មាត្រា១៨ថ្មី នៃវិសោធនកម្ម ច្បាប់នេះ បានសង្កត់ធ្ងន់ថា៖ ប្រធាននិងអនុប្រធាន និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូល នឹងគណៈកម្មការទាំងពីរនេះ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដោយគ្មានការព្យួរទោសឡើយ៕