(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាស្តីពី ប្រព័ន្ធឆ្លើយតប និងតាមដាននៃកាពុលចំណីអាហារ ដែលរៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីបណ្ដុះបណ្ដាលដល់មន្ដ្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ បណ្ដុះបណ្ដាលប្រតិបត្ដករ ធុរៈកិច្ចចំណីអាហារ ម្ចាស់អ្នកគ្រប់គ្រង និងអ្នករៀបចំ និងផលិតចំណីអាហារ ឲ្យសហការជាមួយមន្ទីរសុខាភិបាល រាជធានី-ខេត្ដ។
វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីចុះវាយតម្លៃ ផ្ដល់វិញ្ញាបនបត្រ បញ្ជាក់អនាម័យ និងវិញ្ញាបនបត្រ បញ្ជាក់គោលការណ៍អនុវត្ដអនាម័យដល់ភោជនីដ្ឋាន អាហារដ្ឋាន ជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្ដមូយចំនួន ចេញវិញ្ញាបនបត្របញ្ជាក់អនាម័យ លើផលិតចំណីអាហារ គ្រប់គ្រងការផ្សព្វផ្សាយ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងរៀបចំចងក្រង និងបោះពុម្ព ខិតបណ្ណ ផ្ទាំងរូបភាព សៀវភៅ គោលការណ៍អនាម័យ និងឯកសារផ្សេងៗស្ដីពីអនាម័យ និងសុវត្ថិភាព ចំណីអាហារ ។
លោកវេជ្ជបណ្ឌិត ភូលាង អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ វិស័យចំណីអាហារទាំងក្នុង និងក្រៅប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលត្រូវគិតនោះថាតើ ចំណីអាហារបែបណា ដែលនឹងនាំឲ្យមានសុខភាពល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ហើយចំណីអាហារណា ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ក៏ដូចជាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ ដោយសារតែបញ្ហាខ្វះអនាម័យ និងការបង្កឡើងដោយមេរោគនេះ។
លោកបន្ដថា «ភាពប្រឈម ទៅនឹងផលិតផលចំណីអាហារ ដែលគ្មានអនាម័យ និងបង្កឡើងដោយមេរោគវិញ គឺនៅពេលទទួលទានហើយ ពេលនោះនិងបង្កផលអាក្រក់ដល់សុខភាពភាពភ្លាមៗតែម្ដង ដូចជា ការពុល ក្អួតចង្អោរ រាគរូស ចុកពោះជាដើម ហើយក៏បង្កឡើងនូវរូបភាព ជម្ងឺរាំរៃ និងមហារីកផងដែរ ដោយកន្លងមកនៅពេលមានករណីពុលអាហារនេះកើតឡើង ក៏មានកាតឆ្លើយតបទាន់ពេល ក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ផងដែរ។ តែយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៦កន្លងមកនេះ គឺមានការពុលអាហារចំនួន១៩ដង ហើយអ្នកជម្ងឺមានចំនួន៧០៣នាក់ អ្នកដែលចូលសំរាកពេទ្យមានចំនួន៦៦០នាក់ និងអ្នកស្លាប់មានចំនួន១៥នាក់ផងដែរ ដែលមានការធ្លាក់ចុះជាឆ្នាំ២០១៥»។
លោកវេជ្ជបណ្ឌិត អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានថ្លែងផងដែរថា «ដើម្បីឆ្លើយតបទៅនឹងការពុលអាហារនេះ យើងក៏សូមឲ្យអ្នកប្រើប្រាស់នូវចំណីអាហារ ទាំងអ្នកផលិតចំណីអាហារ សូមឲ្យចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្ដអនាម័យ ឲ្យហូបស្អាត រស់នៅស្អាត ឲ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល ពិសេសមាន៥ចំនុចដែលប្រជាជន ត្រូវតែយល់ដឹងពីការពុលអាហារនេះ ទី១- រក្សាភាពស្អាត គ្រប់ទីកន្លែង សម្ភារៈប្រើប្រាស់ ,ទី២-ការទុកដាក់ចំណីអាហារ ឲ្យនៅដាច់ពីគ្នា គីចំណីអាហារឆៅ និងឆ្អិន កុំឲ្យមានការចម្លងខ្វែង,ទី៣-ការប្រើប្រាស់សីតុណ្ហភាព គឺការចម្អិនអាហារឲ្យបានឆ្អិនល្អ ហើយអាហារដែលទុកចោលលើសពី៣-៤ម៉ោង ចង់យកមកញុំាវិញ ត្រូវកម្ដៅវាឲ្យបានស្ដង់ដារនូវអាហារនោះ, ទី៤ -ការប្រើប្រាស់វត្ថុធាតុដើមណាដែលមានអនាម័យ និងសុវត្ថិភាពត្រឹមត្រូវ កុំយករបស់អន់ គ្មានគុណភាពមកធ្វើទាំងអ្នកលក់ដូរក្ដី និងធ្វើញុំាខ្លួនឯងក្ដី និងទី៥-គឺទឹកស្អាត ដែលជាបញ្ហាធំ ដែលអាចជាប្រភពនៃការពុលអាហារផងដែរ ដូច្នេះត្រូវតែប្រុងប្រយ័ត្ន នូវចំនុចទាំងនេះ»។