(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧។ ក្រោយពីបានពិភាក្សាគ្នាអស់ពេលពេញ១ថ្ងៃ ក្រសួងបានដាក់ចេញនូវគោលការណ៍សំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្តឆ្នាំ២០១៧ គោរពតាមអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧នេះ ធ្វើក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការសរុបជាង៤០០នាក់។
គោលការណ៍សំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្តរួមមាន៖ ការចុះពង្រឹងការគ្រប់គ្រងការងារសាសនាតាមខេត្ត-រាជធានី, ណែនាំដល់ប្រជាពលរដ្ឋ រួមគ្នាទៅបោះឆ្នោត នៅពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងបន្តការអប់រំតាមរយៈមេដឹកនាំសាសនា ដល់គ្រប់បរិស័ទគ្រប់មជ្ឈដ្ឋានឲ្យចៀសផុតពីគ្រឿងញៀន អំពើហិង្សាលើស្ត្រី និងកុមារ ជាដើម៕