(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន​បានសម្រេចចិត្ត​ បញ្ឈប់ជើងហោះហើរមួយចំនួន​រវាងចិន និងកូរ៉េខាងត្បូង ដែលនេះ​អាចជា​សារមួយ​ផ្ញើជូន​ទីក្រុងសេអ៊ូល គិតគូពីចារណា​ជាថ្មីម្ដងទៀត​លើគំរោងដាក់​ពង្រាយប្រព័ន្ធ​ខែលការពារ​មីស៊ីល​អាមេរិក THAAD នៅលើ​ឧបទ្វីបកូរ៉េ​ដែលប្រទេសជិតខាងទាំងអស់ជំទាស់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

យោងតាមការស្វែងរកនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines និង Spring Airline បានបញ្ឈប់ការលក់​សំបុត្រ​យន្ដហោះ​សម្រាប់រយៈពាក់​កណា្ដល​សប្ដាហ៍ក្រោយ នៃជើងហោះហើរ​​ជាច្រើន​រវាង​ទីក្រុង Cheongju និងកោះ Jeju ជាមួយនឹងទីក្រុងក្នុង​ប្រទេសចិន​រួមមាន​ទីក្រុង Ningbo Jinjiang និងទីក្រុង Harbin។

ចំណែកឯ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងត្បូង Eastar Jet ក៏បានអះអាងពីពីការបញ្ឈប់ជើង​ហោះហើរ​នេះដែរ ដែលអាចនឹង​ធ្វើឱ្យប៉ះពាល់​ដល់វិស័យ​​ទេសចរណ៍​របស់​កូរ៉េខាងត្បូង ខណៈបើតាម​ប្រភពព័ត៌មាន​មួយចំនួន ទីក្រុងសេអ៊ូល ទំនងជា​នឹងដាក់ពាក្យ​តវ៉ាប្រឆាំង​នឹងចិន​ទៅកាន់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។ ទោះបីជា​យ៉ាងណា ក្រុមហ៊ុន​អាកាសចរណ៍​ចិនទាំងពីរ មិនបាន​ធ្វើការអត្ថា​ធិប្បាយណាមួយ​នៅឡើយទេ។ ក៏ប៉ុន្តែ​បើតាម​ឯកសារ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន អាជ្ញាធរចិន​នាពេលថ្មីៗ​នេះ​បានផ្ដល់​ការណែនំា០៧​ចំណុចសំខាន់ៗ​ ដល់ក្រុមហ៊ុន អាកាសចរណ៍ចិនទំាងអស់ ឱ្យដាក់កំហិត ឬក៏ហាមឃាត់​ជើងហោះហើរ​ទៅកាន់កូរ៉េខាងត្បូង។

គួរបញ្ជាក់ជូនដែរថា បើទោះជាគេពុំទាន់​ដឹងពីបំណងពិតប្រាកដ​នៃការបញ្ឈប់​ជើងហោះហើរ​នេះ​ក៏ដោយ តែអ្វីដែល​គេអាចសន្មត់​បាននៅពេលនេះ នោះគឺថាការ​សម្រេចចិត្តបែបនេះ​ធ្វើឡើងចំពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​កំពុងដំណើរការ​នីតិវិធីដាក់​ពង្រាយ THAAD ហើយចិន​ផ្ទាល់ក៏ធ្លាប់​បានសន្យាផងដែរថា ខ្លួននឹងចាត់វិធានការ​ឆ្លើយតប​បើសិនជា THAAD ត្រូវបានតម្លើង​លើដីកូរ៉េខាងត្បូង​មែននោះ៕