(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារអចិន្ត្រៃយអន្តរក្រសួង និងមន្ត្រី​ជំនាញ, សហគ្រាស, រោងចក្រ, ក្រុមហ៊ុនទីបឹ្រក្សា និងអ្នកពាក់ព័ន្ធប្រមាណ១៤០នាក់ ចូលរួមបើកវេទិកាសាធារណៈ រវាងវិស័យឯកជន និងកិច្ចគាំពារបរិស្ថាន ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាព របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងបរិស្ថាន។

វេទិកាខាងលើនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីវឌ្ឍនភាព របស់ក្រសួងបរិស្ថាន ជាពិសេសលើវិស័យ​គាំពារ​បរិស្ថាន ដូចជា ការបង្កើតច្រកចេញចូលតែមួយសម្រាប់ការទទួលពិនិត្យ របាយការណ៍ វាយតម្លៃ ហេតុប៉ះពាល់បិស្ថានការ បង្កើនក្រុមការងារពី ១ក្រុមទៅ ៧ក្រុម ដើម្បីពិនិត្យរបាយការណ៍ វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន ការដាក់បញ្ចូលឯកសារ គតិយុត្តពាក់ព័ន្ធក្នុងគេហទំព័រសម្រាប់ក្រុមហ៊ុនទាញយក និងអនុវត្តតាម ការតាក់តែងលក្ខខណ្ឌគោលការណ៍សម្រាប់ ក្រុមហ៊ុន ទីប្រឹក្សាអនុវត្តតាម ការរៀបចំឱ្យុក្រុមហ៊ុនបំពេញរបាយការណ៍ និងផ្ញើមកក្រសួងវិញតាមប្រព័ន្ធ e-government និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយក្នុង ការដោះស្រាយបញ្ហាប្រឈម ដែលកើតមានកន្លងមកពាក់ព័ន្ធ នឹងការងារ ត្រួតពិនិត្យ ការធ្វើអធិការកិច្ច ការអនុវត្តច្បាប់ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងបញ្ហាប្រឈមរបស់វិស័យ ឯកជនក្នុងការចូលរួម កិច្ចគាំពារបរិស្ថានសំដៅលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពបរិស្ថាន។  

ថ្លែងក្នុងកម្មវិធីនោះ លោក អ៊ាង សុផល្លែត បានផ្សព្វផ្សាយឲ្យដឹងថា រយៈពេលខ្លីខាងមុខនេះ ក្រសួងបរិស្ថាន នឹងបញ្ចប់ការរៀបចំលក្ខខណ្ឌ គោលការណ៍ចំនួន៥ វិស័យ រួមមាន៖
ទី១៖ ក្រុមការងារផ្នែកគម្រោងការអភិវឌ្ឍវិស័យដំណាំកសិ-ឧស្សាហកម្ម
ទី២៖ គម្រោងអាជីវកម្មថ្មសំណង់
ទី៣៖ គម្រោងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
ទី៤៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ និង
ទី៥៖ គម្រោងអាជីវកម្មខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ ដែលលក្ខខណ្ឌគោលការណ៍ គឺសម្រាប់ក្រុមហ៊ុន ទីប្រឹក្សាយកទៅ អនុវត្ត តាមបានដើម្បីធ្វើការសិក្សាហេតុប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះដែរ លោក អ៊ាង សុ ផល្លែត បានជម្រាបជូនអំពី ក្រុមការងារពិសេសដើម្បីចូលរួមចំណែកក្នុងការកំណែទម្រង់ និងកាត់បន្ថយពេលវេលាដល់ក្រុមហ៊ុនវិនិយោគទុន និងក្រុមហ៊ុនទីបឹ្រក្សាក្នុងការរៀបចំ ធ្វើរបាយការណ៍វាយតម្លៃហេតុ
ប៉ះពាល់បរិស្ថាន ឱ្យបានកាន់តែឆាប់។

លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន មានក្រុមការងារអចិន្ត្រៃយអន្តរក្រសួងនៅក្នុង ការដោះស្រាយបញ្ហាពាក់ព័ន្ធការបំពុលបរិស្ថានពីរោងចក្រ ដែលក្រុមការងារមានវិធាការច្បាស់លាស់ ក្នុងការអនុវត្ត កិច្ចការនេះ។

វេទិកាសាធារណៈនេះ មានការចូលរួមពិភាក្សាយ៉ាងសកម្មពីសំណាក់អ្នកចូលរួម ដោយមានការលើកឡើង អំពីចំណុច ខ្វះខាត​មួយចំនួន។ ជាការឆ្លើយតប លោក អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបាននិង​កំពុងខិតខំប្រឹងប្រែងនៅ​ក្នុងកិច្ចការធ្វើ​កំណែទម្រង់ ស៊ីជម្រៅ និងធ្វើការដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមាន។

សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបានដាក់ចេញ ឱ្យអនុវត្តនូវលិខិត​បទដ្ឋានគតិយុត្ត មួយចំនួនដូចជា អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តី ពីការគ្រប់គ្រងសំណល់រឹង, អនុក្រឹត្យ​ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និង អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុ ប៉ះពាល់ បរិស្ថាន ប្រកាស និងគោលការណ៍ណែនាំនានា សម្រាប់គ្រប់គ្រងបរិស្ថានដែលកើតមានពី សកម្មភាពផលិតកម្ម អាជីវកម្ម ទាំងឡាយដែលពាក់ព័ន្ធទៅនឹង ការបង្កើត និងការបញ្វេញចោលនូវសំណល់ឬសារធាតុបំពុលរបស់ខ្លួន៕