(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ទៅប្រធានមន្ទីរបរិស្ថាន និងនាយកដែនជំរកសត្វព្រៃភ្នំព្រេច រួមគ្នាធ្វើការស្រាវជ្រាវរកមន្រ្តីយោធាខិលខូចមួយណា ដែលកំពុងជាប់ពាក់ព័ន្ធ និងកាងឲ្យបទល្មើសព្រៃឈើ ដែលនាំឲ្យកើតមានឡើង ដើម្បីឈានទៅរកការចាប់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ការបញ្ជារបស់អភិបាលខេត្តមណ្ឌលគីរីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានបទល្មើស នៃការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ស្នូល ដែនជំរកសត្វព្រៃភ្នំព្រេច កាន់តែធ្ងន់ធ្ងរទៅៗ ដោយគ្មានការថមថយនោះឡើយ ហើយមន្រ្តីថា អាចឈានទៅរកភាពហិចហោច ព្រៃឈើ និងសត្វព្រៃ ព្រោះនៅពេលបច្ចុប្បន្ននេះ មានអ្នកបង្រ្កាបផង មានអ្នកបើកភ្លើងខៀវផង ដែលគេហៅថា «អ្នកកាងក្រោយខ្នង» នោះ។
សកម្មជនឃ្លាំមើលបទល្មើសព្រៃឈើរួមមាន៖ សហគមន៍ការពារព្រៃឈើ រាយការណ៍ដល់ភ្នាក់ងារ Fresh News ថា «បច្ចុប្បន្ននេះព្រៃឈើ សត្វព្រៃ នៅក្នុងដែលកំពុងសម្ងំមានជីវិតរស់នៅ ក្នុងជុំរុំព្រៃស្រោងដែលជាតំបន់ហាមឃាត់ខាងលើ កំពុងដង្ហោយហៅរកអ្នកជួយសង្រ្គោះជីវិត ខ្លួនជារុក្ខជាតិ និងសត្វព្រោះពេលនេះរុក្ខា និងអម្បូរជីវៈចំរុះតូចធំ កំពុងឈានទៅរកការវិនាស ពីសំណាក់ក្រុមមនុស្សមួយចំនួន គ្មានក្តីមេត្តាកំពុងធ្វើការកាប់រំលំ ផ្តាច់ផ្តិលប្រល័យជីវិតយ៉ាងឃោរឃៅ គ្មានត្រាប្រណីឡើយ»។
សកម្មជនឃ្លាំមើលបទល្មើសព្រៃឈើនៅក្នុងខេត្តនេះ និងសហគមន៍កាពារព្រៃឈើ បានទទូចឲ្យលោក ហាន សុខន នាយកដែនជំរកសត្វព្រៃ ភ្នំព្រេចនៃទឹកដី ខេត្តមណ្ឌលគិរី និងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជួយទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅតំបន់ផង ព្រោះការកាប់បំផ្លាញឈើគ្រប់ប្រភេទ ទាំងឈើតូចឈើធំ ឬឈើធ្វើជាគ្រឿងផ្ទះ ឈើជ្រៀកជា ជន្លង់ម្រេច និងឈើហ៊ុបត្រូវបានគេមើលឃើញថា ចរាចរលក់ ដូរ ដូចទីផ្សារលក់ត្រីអញ្ចឹង ហើយប្រភេទឈើទាំងនេះ គឺជាឈើដែលបានកាប់បំផ្លាញ ក្នុងតំបន់ស្នូលដែនជំរកសត្វព្រៃភ្នំព្រេចនេះឯង។
ទាក់ទងបញ្ហានេះលោក ហាន សុខន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា «ករណីនៃការកើតមានបទល្មើស នៅតំបន់ដែលយើងគ្រប់គ្រងហ្នឹង ពិតជាមានពិតមែន ហើយក្រុមការងារនឹងមន្រ្តីយើងតែងតែធ្វើការបង្រ្កាប បានជាញឹកញាប់ទាំងមនុស្ស និងវត្ថុតាង ប៉ុន្តការបង្រ្កាបបទល្មើសនៅទីតំបន់នេះ គឺមានភាពចម្រូងចម្រាស់ ពីមន្រ្តីយោធាតែម្តង ព្រោះខាងមន្រ្តីយោធាដែលនៅប្រចាំការទីនោះហាក់បីដូចជា ព្រៃឈើទាំងនោះ ពួកគេជាអ្នកគ្រប់គ្រងអញ្ចឹង»។
លោកថា នៅពេលមន្រ្តីដែនជំរកធ្វើការបង្រ្កាប អ្នករកស៊ីកាប់រំលំអារ និងដឹកជញ្ជូនឆ្លើយថា បង់ប្រាក់ទាហានអស់ហើយ។ ទោះបីជាការបង្រ្កាបមានការសម្រូងសម្រាស់យ៉ាងណាក៏ដោយ លោក និងមន្រ្តីលោកនៅតែខិតខំធ្វើការទប់ស្កាត់ និងបង្រ្កាបជានិច្ច ហើយឈានទៅធ្វើការស្រាវជ្រាវអ្នកនៅការក្រោយខ្នងបទល្មើសនេះ ចាប់បញ្ជូនទៅកាន់សាលាដំបូង ដើម្បីឲ្យច្បាប់ជាអ្នកចាត់ការព្រោះថ្មីៗនេះ លោកបានឃាត់ចាប់បានការឡេថងចំនួន៣គ្រឿង ដែលលួចចូលមកដឹកឈើនៅតំបន់លោកគ្រប់គ្រង ហើយករណីនេះ លោកត្រៀមបញ្ជូនវត្ថុតាងមកកាន់
មន្ទីរបរិស្ថានខេត្តដើម្បីចាត់ការបន្ត។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានថ្លែងថា បើពិតជាមានរឿងរ៉ាវបែបនេះមែន លោកត្រូវតែចាត់ការ តាមផ្លូវច្បាប់។ ទាក់ទងការបង្រ្កាបបទល្មើសនៅដែនជំរកសត្វព្រៃភ្នំព្រេច តែងតែមានការចម្រូងចម្រាស់ដាក់គ្នា ជាមួយមន្រ្តីដែនជំរកនោះ។ តាមការការទម្លាយប្រាប់ឲ្យដឹងការពិតថា នៅទីនោះ គឺមានមន្រ្តីយោធាម្នាក់ឈ្មោះ ចាប កុសល់ មានតួនាទីមេបញ្ជាការកងអនុសេនាធំទី៣ (គ៣) វរៈសេនាតូចអន្តរាគមន៍លេខ១ តំបន់សឹករងមណ្ឌលគិរី ឈរជើងនៅភូមិអន្រ្ទង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាអ្នកបើកដៃឲ្យឈ្មួញឲ្យអ្នកកាប់អារ និងអ្នកដឹកជញជូនយ៉ាងពិតប្រាកដ ក្នុងដែនជំរកសត្វព្រៃខាងលើ ដោយសេរីមិនខ្លាចញញើតមន្រ្តីណានោះឡើយ។
ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោកមេបញ្ជាការ(គ៣) ឈ្មោះ ចាប កុសល់ បានទេ។ ជាមួយគ្នានេះដែរលោក ឃិន ម៉េងស្រេង មេយោធាខេត្តមណ្ឌលគិរី ក៏មិនទាន់អាចស្នើសុំការបកស្រាយបានដែរ៕