(ភ្នំពេញ)៖ កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំរួមគ្នាមួយ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំទាំង២នេះ ភាគីកម្ពុជាតំណាងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំណែកភាគីវៀតណាម តំណាងដោយ លោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម។

តាមការប្រកាសរបស់ក្រសួងការបរទេស, ជំនួបនៃកិច្ចប្រជុំទាំងពីរនេះ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ឱកាសសម្រាប់រំលឹកឡើងវិញ នៃសមិទ្ធិផល ដែលសម្រេចបាន នាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅ សម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀតនូវ ចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលមានស្រាប់។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖