(សៀមរាប)៖ ដោយគិតពីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្រុងសៀមរាប ខេត្តសៀមរាប។ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដោយមន្រ្តីជំនាញកាំកុងត្រូល នៃសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងធ្វើការស្រាវជ្រាវរកផលិតផលអាហារសំរាប់ទារក និងកុមារតូច PC Organic Brand ដែលមានសក្តានុពលអំណោយ ផលដល់ការលូតលាស់បាក់តេរី Clostridum Botulimum ដែលដាក់តាំងលក់ តាមផ្ទះលក់ទំនិញ និងតាមផ្សារទំនើប ស្ថិតនៅតាមបណ្តោយផ្លូវស៊ីវុត្ថា (ប្លុកផ្សាររាត្រី) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
មន្រ្តីកាំកុងត្រូលបានបញ្ចាក់ថា បន្ទាប់ពីបានពិនិត្យមើល លើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះ និងផ្សារទំនើបមួយចំនួនរួចមក ជាលទ្ធផលគឺរកពុំឃើញផលិតផលអាហារសំរាប់ទារក និងកុមារតូច PC Organic Brand ដែលមានសក្តានុពល អំណោយផលដល់ការលូតលាស់បាក់តេរី Clostridum Botulimum ធ្វើចរាចរនៅផ្សារខាងលើនោះទេ។
ដោយឡែកចំពោះផលិតផលកំប៉ុង និងផលិតផលវិចខ្ចប់រួច ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាពហួសកាលបរិច្ឆេទកំណត់ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានសៀមរាប ធ្វើការណែនាំ និងធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍ កំទេចចោលនៅពេលក្រោយ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ផលិតផលមួយចំនួន ខូចគុណភាពទាំងនោះរួមមាន៖ ស្ករសូកូឡាម៉ាក SNICKERS, ដំឡូងក្រៀមកំប៉ុងម៉ាកPringles, សណ្តែកដីកំប៉ុងម៉ាក Koh Kae, នំប្រៃម៉ាកCracker Sandwich, នំប្រអប់ Britannia និងទឹកសណ្តែក Lactasoy ដោយសរុបទាំងជិត២០គីឡូក្រាម។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារ ខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់។
សូមជម្រាបថា ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងតាមមាត់ច្រកនៅតាមព្រំដែន ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕