(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំពិធីប្រកាសជាផ្លូវការ ពីការផ្តល់ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិន តាមរយៈការផ្តល់ជូនរថយន្តគ្លីនិកចល័ត៤០គ្រឿង ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស (២៥រាជធានី-ខេត្ត)។
ពិធីប្រកាសជាផ្លូវការលើការផ្តល់ជំនួយនេះ បានធ្វើឡើង ដោយមានការចូលរួមពី លោកស្រី យក់ សម្បតិ្ដ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល តំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Lian ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថាណទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងអ្នកចូលរួមមួយចំនួនទៀត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងពិធីប្រកាសនោះ លោកស្រី យក់ សម្បតិ្ដ បានថ្លែងឲ្យដឹងថា ការផ្តល់ជូនរថយន្តគ្លីនិកចល័តចំនួន៤០គ្រឿង ក្នុងដំណាក់កាលទី១ គឺនៅឆ្នាំ២០១៧ នឹងប្រើប្រាស់រថយន្តចំនួន២០គ្រឿង សិនដើម្បីប្រើប្រាស់សាកល្បង ថាតើនឹងមានចំនុចខ្វះខាតអ្វីទេដើម្បីពេលផ្ដល់២០គ្រឿងទៀត មានភាពល្អប្រសើរ១០០% ក្នុងការជួយដល់ព្យាបាល ជំងឺប្រជាពលរដ្ឋ។ ហើយសម្រាប់ជំនួយនេះ គឺជាជំនួយឥតសំណង របស់ប្រទេសចិន ក្នុងការផ្តល់ជូននូវរថយន្តគ្លីនិកចល័ត ចំនួន៤០គ្រឿង ជូនដល់ក្រសួងសុខាភិបាលនៅកម្ពុជា ហើយក្រសួងសុខាភិបាល នឹងប្រើប្រាស់ឲ្យតម្លាភាពខ្ពស់។
លោកស្រី យក់ សម្បត្តិ បានបន្ថែមឲ្យដឹងថា «ជំនួយនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅសហគមន៍ ដែលគាត់មិនអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដូចជាឈឺពោះកើតកូន ពិសេសប្រជាពលរដ្ឋ រស់នៅដាច់ស្រយាល និងព្យាបាលជំងឺផ្សេងៗទៀត ដោយដោយឥតគិតថ្លៃផងដែរ»។
លោកស្រីបន្ដថា «ក្នុងនាមក្រសួងសុខាភិបាល និងតំណាងឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលជានិច្ចកាល តែងតែយកចិត្ដទុកដាក់ ដល់កម្ពុជា ដែលយើង ចាត់ទុកថាចិន ជាប្រទេសមិត្តដ៏យូរអង្វែង លើសពីនោះ យើងទាំងអស់គ្នា ក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងស្វែងរកជំនួយក្នុងការជួយ និងទ្រទ្រង់ទៅដល់ក្រសួង សុខាភិបាលជាបន្តបន្ទាប់»។
លោកស្រីបន្ដថា កន្លងមក រាជរដ្ឋាភិបាលចិន បានជួយដល់កម្ពុជា ជាច្រើនដូចជា ផ្តល់ជូនរថយន្តសង្រ្គោះបន្ទាន់ ចំនួន២០០គ្រឿង, ម៉ាស៊ីនអេក្រូចំនួន២០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលចិន ក៏បានសន្យាថា នឹងផ្តល់ជំនួយមកកម្ពុជាបន្ថែមទៀត លើគម្រោង ជួយផ្នែកជំងឺគ្រុនចាញ់ និងមន្ទីរពេទ្យ បរិក្ខារពេទ្យ និងឱសថ ដើម្បីជួយដល់ជំងឺឆ្លងថ្មីៗទៀត៕