(បាត់ដំបង)៖ ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលមានលោក ហ៊ុន ម៉ាណែត ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោក លឹម គុណវុឌ្ឍ បានចុះសួរសុខទុក្ខនិយមចែកអំណោយដល់ជនក្រីក្រ ស្រ្តីមេម៉ាយ ចាស់ជរាចំនួន១០គ្រួសារ នៅភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន និង១គ្រួសារទៀត កំពុងមានជម្ងឺប្រចាំកាយនៅអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោកប្រធានក្រុមការងារបានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដោយទទួលព័ត៌មានប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ចាស់ជរា មួយចំនួននៅមូលដ្ឋឆនស្រុកទាំង២នេះ ទើបលោកប្រធានសមាគម ហ៊ុន ម៉ាណែត បានចាត់ឲ្យក្រុមការងារចុះស្រាវជ្រាវ និងស្រង់ចំនួនឈ្មោះ រាយការណ៍មកថ្នាក់លើ។ បន្ទាប់ពីទទួលព័ត៌មានជាក់លាក់ហើយ ក្រុមការងារយើង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ទៅកាន់គ្រួសារក្រីក្រ ស្រ្តីមេម៉ាយ ទាំងអស់ថា ក្រុមការងារយើងតែងបានចុះធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង នៅតាម ឃុំ ស្រុក ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយអំណោយទាំងនេះ គឺចែកជូនដោយមិនប្រកាន់និន្នាការអ្វីឡើយ។
ក្រុមការងារបានបន្តថា អំណោយដែលបានចែកជូនថ្ងៃនេះមាន៖ អង្ករ១ការ៉ុង ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី១កែស ថវិកា១០ម៉ឺនរៀលក្នុង១គ្រួសារ។ អំណោយទាំងនេះថ្វីត្បិតតែមានតិចតួចក៏ពតមែន តែក៏បានជួយចែករំលែកសម្រាលនូវការលំបាកដល់ បង អ៊ំ ពូ មីង បាន១រយៈពេលដែរ។
ក្រុមការងារបានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ដែលតែងគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ទូទៅជានិច្ច ទីណាមានការលំបាកទីនោះ តែងមានសម្តេចទាំង២ ជួយដោះស្រាយតាមរយៈក្រុមការងារ ឬដោយផ្ទាល់រហូតមក។
ដោយឡែកគ្រួសារ១ នៅភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកមានឈ្មោះ សន រិទ្ធ អាយុ៤៨ឆ្នាំ មានប្រពន្ធ និងមានកូនក្នុងបន្ទុក៦នាក់ ហើយខ្លួនមានជម្ងឺប្រចាំកាយ(ជម្ងឺរបេងសួត) បានទទួលអំណោយអង្ករ២ការ៉ុង មី៣កែស ទឹកសុទ្ធ៥យួរ ទឹកត្រី ស៊ីអ៊ីវ៤យួរ ទឹកក្រច៥ដបប៊ីចេង១ថង់ អំបិល១ថង់ ថវិកា១០ម៉ឺនរៀល លើសពីអ្នកផ្សេង។
ជនក្រីក្រ ស្រ្តីមេម៉ាយដែលបានទទួលអំណោយទាំងអស់លើកដៃ ថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត ប្រធានសមាគម ពិសេសសម្តេចទាំង២ ដែលបានយកចិត្តទុកដាក់ដល់ជនក្រីក្រយើងខ្ញុំ៕