(ភ្នំពេញ)៖ Freshie Girls & Boys ជំនាន់ទី១៦ បានចាប់ផ្តើមការជាផ្លូវការហើយ ដោយមានយុវជនយុវតីចំនួន៤៨នាក់ប្រជែងគ្រងម្កុដឆ្នាំ២០១៧ ដោយព្រឹត្តិការណ៍នៃការប្រកួតដ៏ធំប្រចាំឆ្នាំកម្រិតជាតិ និងបានដំណើរការមានរយៈពេលជាច្រើនឆ្នាំជាងគេក្នុងប្រទេសកម្ពុជា ខណៈការប្រកាសនូវកមំ្មវីធីត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ នាសណ្ឋាគារណាហ្គា ក្រោវត្តមាន លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ថៃ នរៈសត្យា បានមានប្រសាសន៍ក្នុងឳកាសនេះថា សូមថ្លែងអរគុណដល់បណ្តាក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភការប្រកួត «Freshie Girls & Boys » ជំនាន់ទី១៦នេះ បានផ្តល់ឳកាសជាវេទិកា កិត្តិយសដើម្បីឲ្យប្អូនៗយុវជន យុវតីខ្មែរបញ្ចេញនូវសមត្ថភាព ទេពកោសល្យធម្មជាតិ ភាពអង់អាចក្លាហាម ការហ៊ានចូលរួមសម្តែងក្នុងកម្មពិធីប្រកួតប្រជែងដម្បីបន្តវេនលើកតម្តើងសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាការផ្លាស់ប្តូរនូវបទពិសោធន៍ ទទួលបានចំណេះដឹងបន្ថែមទៀត និងស្វែងរកមិត្តភាពថ្មី ព្រមទំាងប្រើប្រាស់ពេលវេលទំនេរពីការសិក្សាងាកមករកសិល្បៈប្រសើរជាងងាកទៅរកអំពើមិនគប្បី អបាយមុខគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម។
ដោយឡែកលោក ប៊ុន កើដ អ្នករៀបចំកម្មពិធីបាននិយាយថា កម្មពិធីប្រកួតបានចាប់ផ្តើមដំណើរការដោយប្រកាសទទួលពាក្យពីសំណាក់យុវជន យុវតីខ្មែរគ្រប់រូបតំាងពីដើមខែកុម្ភៈមកម្ល៉េះ ដោយមានយុវជន យុវតីខ្មែរចំនួនជាង២០០០នាក់ដែលមកពីបណ្តាខេត្តនានាទូទំាងប្រទេស។ ទំរាំទទួលបាននូវឳកាសជា «Freshie Girls & Boys» បេក្ខជន បេក្ខនារីទំាងអស់ត្រូវឆ្លងកាត់វគ្គជម្រុះជាច្រើនដូចជា វគ្គជម្រុះ ថតរូប វគ្គទី២ វគ្គបង្ហាញបុគ្គលិកផ្ទាល់ជាដើម យើងទទួលបាន Freshie Girls ចំនួន២៤រូប និងFreshie Boys ចំនួន២៤រូប ចំពោះការឆ្លងកាត់ប្រកួតប្រជែងលើផ្នែកសមត្ថភាពបុគ្គលិកលក្ខណៈ ចរិយាមាយាទ ទេពកោសល្យសិល្បៈ ដូចជា របាំបូរាណ ប្រពៃណី ច្រៀង សម្តែង និងបង្ហាញម៉ូដជាដើម។
លោក មែ វិចិត្របុត្រ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន BKA Entertenmet បានថ្លែងថា កម្មវិធីប្រកួតដ៏ធំប្រចាំឆ្នាំកម្រិតជាតិ និងដំណើរការមានរយៈពេលជាច្រើនឆ្នាំជាងគេក្នុងប្រទេសកម្ពុជា បានត្រលប់មកសារចាថ្មី ព្រមទាំងមានការផ្លាស់ប្តូរឲ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញជាងមុន នោះគឺកម្មវិធីប្រកួត «Freshie Girls & Boys» ជំនាន់ទី១៦។ នេះជាកម្មវិថីប្រកួតដ៏ធំតែ១គត់ដែលទទួលបានការគាំទ្រពីទស្សនិជន យុវជន និងយុវតីខ្មែរគ្រប់រូប ហើយលើសពីនេះ សិល្បករ សិល្បការិនី តារាចំរៀង ពិធីករ ពិធីការិនី ផលិតករ អ្នករៀបចំកម្មវិធីទូរទស្សន៍ជាដើម ប្រមាណជា៦០% បានកើតឡើងពីកម្មវិធីប្រកួតនេះ ជាមាគ៌ាដ៏វែងនៃពន្លកយុវសិល្បករ Freshie កម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ «Freshie Girls & Boys» ជំនាន់ទី១៦ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០១៧ នៅស្ទូនីយ៉ូធំនៃស្ថានីយ៍ទូរទស្សន៍ My TV ដែលក្នុងនោះមាន Freshie Girls ចំនួន៣រូប Freshie Boys ៣រូប ដែលទទួលបានការជ្រើសរើសជាជ័យលាភីសម្រាប់កម្មវិធីប្រកួតជំនាន់ទី១៦ ក៏ដដូចជាពាន់រង្វាន់កិត្តិយសដែលបានផ្តល់ ដោយបណ្តាក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីប្រកួត។ គណៈកម្មការរៀបចំកម្មវិធីប្រកួត លោក អគ្គនាយកប៉ិនកើដ បានផ្តល់រង្វាន់ជ័យលាភីលេខ១ នូចម៉ូតូ YAMAHA Grand Filano ម្នាក់១គ្រឿងទៀត៕